ឯកឧត្តម ចាយ បូរិន៖ ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ប្រជាពលរដ្ឋមានសិទ្ធិ សេរីភាព និងការប្រតិបត្តិខាងជំនឿសាសនា


ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា ក្រោមប្រធានបទ៖ «ពុទ្ធបរិស័ទ និងគ្រស្តិបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់» នៅព្រះសហគមន៍កាតូលិកកម្ពុជា ឋិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

«កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា» នេះ មានការនិមន្តចូលរួមពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទ និងគ្រិស្តបរិស័ទ និងប្រតិភូអន្តរសាសនាអន្តរជាតិតំណាងប្រមាណ២០ប្រទេស នៅតំបន់អាស៊ី អ៉ឺរ៉ុប អាម៉េរិចជាច្រើនអង្គ/រូប។

អញ្ជើញថ្លែងសន្ទរកថា បើកកិច្ចសន្ទនាឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានធានា និងលើកកម្ពស់ជាបន្តបន្ទាប់ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ សេរីភាពពេញទីខាងជំនឿសាសនា និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា មានតែក្រោមម្លប់នៃសន្តិភាពប៉ុណ្ណោះ ទើបយើងអាចមានកាលានុវត្តភាព ដើម្បីអនុវត្តសិទ្ធិសេរីភាព ជាពិសេស សិទ្ធិខាងជំនឿសាសនា។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍គោរពសម្តែង នូវកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបាននាំប្រទេសឱ្យមានសន្តិភាពពេញលេញ តាំងពីឆ្នាំ១៩៩៨មក និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងគោរពសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំក្នុងការថែររក្សា និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ប្រធានបទ «ពុទ្ធបរិស័ទ និងគ្រស្តិបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់» នេះ ស័ក្តិសមសម្រាប់ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលជាប្រទេសធ្លាប់មានប្រវត្តិសាស្ត្រនៃការបែកបាក់ជាង៥០០ឆ្នាំ ហើយអាចសម្រេចបានសន្តិភាពពេញលេញ ក្រោម នយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មានការធានា បីយ៉ាងសំខាន់គឺ៖១-ធានាអាយុជីវិតនិងរូបកាយ ២- ធានាអាជីព និងមុខរបរ ៣- ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ ដែលការធានាទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តី អត់ធន់ សណ្តោសប្រណី ការសម្រុះសម្រួល ការឱ្យអភ័យ ការផ្សះផ្សារជាតិ ផ្តោតសំខាន់លើការកសាងសន្តិភាព ថែរក្សា និងពង្រឹងសន្តិភាព វិបុលភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន។ ក្រសួងធម្មការ និងសាសនា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា លើវិស័យធម្មការនិងសាសនា បានអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ គោលនយោបាយនេះស្ថិតនៅបញ្ចកោណទី១ មុំទី៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនានិងគ្រិស្តសាសនា ក្រោមប្រធានបទ “ពុទ្ធបរិស័ទ និងគ្រីស្ទបរិស័ទរួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់” នាពេលនេះ ជាឱកាសមួយថ្មីទៀតសម្រាប់ការផ្លាស់ប្តូរទស្សនៈ ការបញ្ជាក់ឡើងវិញអំពីគុណតម្លៃរួម និងភាពផ្សេងគ្នានៃការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ និងការបង្រៀនរបស់ព្រះយេស៊ូគ្រឹស្ដ។ បន្ទាប់ពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា និងថ្នាក់ដឹកនាំនៃកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងពិធីកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ លើកទី៨នេះរួចមក ឯកឧត្តមអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ថា កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ នឹងពិនិត្យលើការសន្ទនា ៤ទម្រង់សំខាន់ៗ៖

ទី១ ជាកិច្ចសន្ទនានៃជីវិត ដែលគ្រិស្តបរិស័ទ និងពុទ្ធសាសនិករស់នៅក្បែរគ្នាក្នុងការថែរក្សាគ្នាទៅវិញ ទៅមក និងសាមគ្គីភាពប្រចាំថ្ងៃ។ ទី២ ជាកិច្ចសន្ទនានៃសកម្មភាព ដែលយើងរួមគ្នាតាមរយៈអង្គការមិនមែនរដ្ឋាភិបាល សេវាសង្គម និងស្ថាប័នអប់រំគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនក្រីក្រ ចាស់ជរា និងជនងាយរងគ្រោះ។ ទី៣ ជាការសន្ទនានៃការផ្លាស់ប្តូរទ្រឹស្តី និងជំនឿ ដែលយើងទាំងអស់គ្នាអាចចែករំលែក និងរៀនពីគ្នាទៅវិញទៅមកបាន។ ទី៤ ជាការសន្ទនានៃបទពិសោធន៍ខាងសាសនា ដែលមានភាពស្ងៀមស្ងាត់ ការអធិស្ឋាន និងការតាំងសមាធិបើកចិត្តរបស់យើងចំពោះព្រះ និងស្វែងរកសន្តិភាពក្នុងចិត្ត និងសន្តិភាពសម្រាប់មនុស្សជាតិ។

កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនា និងគ្រីស្ទសាសនា មិនគ្រាន់តែបានចូលរួមចំណែកធ្វើឱ្យមានការយល់ដឹងអំពីគុណតម្លៃរួម ភាពផ្សេងគ្នា ការយោគយល់គ្នា លើកកម្ពស់សាមគ្គីធម៌ ក្នុងនាមជាបងប្អូនរួមជាតិ និងរួមចំណែកធ្វើឱ្យមានសុខដុមរមនាសាសនានៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសន្ទនានេះ នឹងផ្ដល់វិភាគទានដ៏សំខាន់ដល់សុខដុមរមនាសាសនានៅក្នុងតំបន់ និងពិភពលោកផងដែរ៕