នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ជំហានបន្ទាប់ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម ហែម វណ្ណឌី បានរាយការណ៍ពីកំណើននៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល ដែលគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មានសំណើចុះឈ្មោះសរុបចំនួន ៧២.៩៩៨ ក្នុងនោះ ៨៨% បានចុះឈ្មោះតាមរយៈទូរសព្ទដៃ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ដោយលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនស្ថិតនៅក្នុងមូលដ្ឋានដែលគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមក៏បានជម្រាបជូនអំពីយុទ្ធនាការផ្សព្វផ្សាយក្នុងរាជធានី-ខេត្តចំនួន ៥ នាពេលកន្លងមក និងការដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវក្នុងខេត្តកំពង់ធំ។ ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានគណៈកម្មាធិការ បានស្នើសុំការគាំទ្របន្ថែមពីក្រសួងមហាផ្ទៃ ដើម្បីជំរុញការយល់ដឹង និងការអនុវត្តយុទ្ធសាស្ត្រ ក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសម្រួលឱ្យមានស្តង់ដាររួមនៃការស្នើសុំសេវាសាធារណៈ ពិសេសសម្រាប់អាជីវកម្មនៅក្នុងមូលដ្ឋាន តាមយន្តការច្រកចេញចូលតែមួយ ដូចមានចែងក្នុងយុទ្ធសាស្ត្រជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ការគាំទ្រ និងកិច្ចសហការរបស់ក្រសួងមហាផ្ទៃក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។ ឯកឧត្តមបានបានលើកឡើងថា ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិបានបង្កើនការផ្តល់សេវាសាធារណៈរបស់ខ្លួនចំនួន ១២% ក្នុងឆ្នាំ២០២៤-២០២៥។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញគោលបំណងក្នុងការចែករំលែកទិន្នន័យពាក់ព័ន្ធ ដោយបន្ថែមថា ក្រសួងមហាផ្ទៃប្រហែលជាមានទិន្នន័យរដ្ឋបាលច្រើនជាងគេទូទាំងប្រទេស ដែលអាចបម្រើជាប្រយោជន៍សម្រាប់ការអភិវឌ្ឍជាតិ។ ឯកឧត្តមក៏បានស្នើឱ្យដាក់បញ្ចូលការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាប្រធានបទពិភាក្សាមួយសម្រាប់សន្និបាទក្រសួងមហាផ្ទៃនាពេលខាងមុខផងដែរ។