ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ជូនក្មេងកុមារកំព្រានៃគម្រោងចិញ្ចឹមកុមារកំព្រាតាមមូលដ្ឋាន ចំនួន ១៩០ នាក់ មកពីរាជធានី ខេត្ត ។ ពិធីមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ យុវជនស.ស.យ.ក ក្រុមការងារ មន្រ្តីសមាគម ព្រមទាំងអាណាព្យាបាលជាច្រើនផងដែរ។ ពិធីប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់សំរាប់ក្មេងកំព្រា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
តាមរបាយការណ៍របស់ឯកឧត្តម សុះ ហ្វាស៊ី អគ្គលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងកុមារកំព្រានៃសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បានឱ្យដឹងថា ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ គម្រោងកំពុងចិញ្ចឹមកុមារកំព្រា ចំនួន ១៩០នាក់ ស្រី ៨៨នាក់ មកពី ១៧ រាជធានី ខេត្ត។ប្រាក់ឧបត្ថម្ភ ត្រូវបានកំណត់ផ្ដល់ជូនរៀងរាល់ត្រីមាស ដោយនៅក្នុងមួយត្រីមាស ក្មេងម្នាក់ទទួលបាន ៣៥៧ ៥០០រៀល ឬក្នុងមួយ (០១)ឆ្នាំ ស្មើនឹង៤ត្រីមាស ស្មើនឹង ១ ៤៣០ ០០០រៀល ដូចនេះ ១៩០នាក់ ស្មើនឹង ២៧១ ៧០០ ០០០រៀល ប្រមាណ ១៦ ៩៦២ ដុល្លារអាមេរិក។ គម្រោងបានចាប់ផ្តើមកាលពីឆ្នាំ២០១៣ និងកំពុងដំណើរការរហូតដល់បច្ចុប្បន្ន ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូជាមួយអង្គការ ហាសាណះ នៅប្រទេសអាល្លឺម៉ង់។ សមាគមបានរៀបចំកម្មវិធីជួបជុំ សំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ នៅរៀងរាល់ត្រីមាសម្ដងទៅតាមការកំណត់របស់ម្ចាស់ជំនួយ ហើយថ្ងៃនេះគឺជាលើកទី៣៩ នៃការផ្ដល់ប្រាក់ឧបត្ថម្ភ។
ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា ការរៀបចំពិធីផ្តល់ប្រាក់ឧបត្ថម្ភជូនក្មេងកំព្រា ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ ស្របពេលដែលសកលលោក និងប្រទេសកម្ពុជា កំពុងត្រៀមប្រារព្ធទិវាកុមារអន្តរជាតិ ខួបលើកទី៧៦។ ចាប់តាំងពីឆ្នាំ១៩៤៩ មក ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង បានប្រារព្វទិវាកុមារអន្តរជាតិ ថ្ងៃទី១ មិថុនា។ គោលបំណងសំខាន់នៃការប្រារព្ធទិវានេះ ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។ ជីវិតកុមារជាច្រើនកំពុងទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនានា សង្គ្រាម គ្រោះទុរភិក្ស និងវិបត្តិផ្សេងៗ។ កុមារជាច្រើនខកខានទៅសាលារៀន មិនបានទទួលសេវាសុខភាព គ្មានម្ហូបអាហារគ្រប់គ្រាន់ និងរងគ្រោះខ្លាំងជាងមុនពីអំពើរំលោភបំពាន។ អត្ថន័យនៃទិវាកុមារអន្តរជាតិ ០១ មិថុនា គឺ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើកុមារ កិច្ចគំាពារការគោរពសិទ្ធិកុមារ ទទួលស្គាល់សិទ្ធិជាសកល និងមូលដ្ឋានរបស់កុមារ គោរព និងគំាពារនៃអនុសញ្ញាជាតិ និងអន្តរជាតិជាសកលស្ដីអំពីសិទ្ធិកុមារ លុបបំបាត់ការរើសអើងចំពោះកុមារមានពិការភាព ក្រីក្រ និងសិទ្ធិជាសមភាព បញ្ឈប់ និងប្រឆាំងដាច់ខាតលើការរំលោភបំពាន ការជួញដូរ កេងប្រវ័ញ្ចន៍ ការប្រើអំពើហិង្សាគ្រប់រូបភាព ធានា និងការពារកុមារជៀសឱ្យផុតពីគ្រឿងញៀនគ្រប់ប្រភេទ ជាទំពាំងស្នងឬស្សី ជាសសរទ្រូង និងជាមូលធនមនុស្ស នាថ្ងៃអនាគតរបស់ជាតិមាតុភូមិ កុមារគឺជាកោសិការបស់ជាតិ កុមារល្អនាំឱ្យមានយុវជនល្អ នាំឱ្យមានសង្គមជាតិល្អ។
ឯកឧត្តមបានបន្តថា គោលបំណងនៃការចិញ្ជឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់លទ្ធភាពឱ្យក្មេងៗបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ទាំងនេះ គឺជាចក្ខុវិស័យ និងបេសកកម្មរបស់សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា ក្នុងការចូលរួមផ្តល់សេវាសង្គមកិច្ចប្រកបដោយសមភាព និងបរិយាបន្ន៕