ចូលរួមលើកតម្លៃនិងប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលដែលមានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្នុងវិស័យទេសចរណ៍


នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្នុងវិស័យទេសចរណ៍ ផ្តោតសំខាន់លើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី១) កម្មសិទ្ធិបញ្ញាក្នុងវិស័យទេសចរណ៍, ទី២) ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងវិស័យទេសចរណ៍, និងទី៣) ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រីសរុបចំនួន ៣១២នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ផលិតផលក្លែងក្លាយមិនត្រឹមតែបានប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យបាត់ជំនឿទុកចិត្តដល់វិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជាថែមទៀតផងដែរ។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឱ្យម្ចាស់សណ្ឋាគារ, ភោជនីយដ្ឋាន, អាហារដ្ឋាន និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ត្រូវចូលរួមអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។ ជាមួយគ្នានេះ, ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដោយណែនាំឱ្យមានការយកចិត្តទុកដាក់រៀបចំឱ្យមានបន្ទប់ទឹកនិងបន្ទប់ទឹកឱ្យមានអនាម័យស្អាតបាតប្រកបដោយគុណភាព។

បន្ថែមលើនេះ, ឯកឧត្តមរដ្ឋមន្ត្រី ជំរុញការលើកតម្កើងផលិតផលខ្មែរ, និងគាំទ្រកសិករនិងអ្នកផលិតក្នុងស្រុកឱ្យផ្តោតលើគុណភាព ជាពិសេសលើកទឹកចិត្តភ្ញៀវទេសចរឱ្យទិញវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយដៃ និងផលិតនៅកម្ពុជា។