ថ្ងៃស្អែកខួបលើកទី៤៨ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចហូរទឹកភ្នែកគ្រប់ពេលនឹកដល់រឿងនេះ !


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៥នេះ បានបង្ហោះវីដេអូចម្រៀងមួយបទ អមដោយសំណេរខ្លីមួយ រំលឹកអំពីថ្ងៃដែលសម្តេចបានចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ខ្មៅងងឹត គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មកដល់ពេលនេះ ៤៨ឆ្នាំហើយ។

នៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២៥ស្អែកនេះ គឺជាខួបលើកទី៤៨ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ និងប្រជាជន និងជាថ្ងៃដែលសម្តេចចងចាំមិនដែលភ្លេចក្នុងជីវិត ព្រោះជាពេលវេលាចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជន ដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។

សម្តេចបញ្ជាក់ថា គ្រប់ពេលនឹកដល់ពេលនោះ ទឹកភ្នែករបស់សម្តេចតែងតែហូរមកមិនដាច់ឡើយ សូម្បីកំពុងសរសេរដ៏ខ្លីនេះ ក៏ទឹកភ្នែកសម្តេចហូរមកមិនដាច់ដែរ។

សម្តេចបានបង្ហោះវីដេអូចម្រៀងជាមួយខ្លឹមសារដូច្នេះថា «ថ្ងៃស្អែក ២០មិថុនា គឺជាខួបលើកទី៤៨ឆ្នាំ (២០មិថុនា១៩៧៧-២០មិថុនា២០២៥) ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាមួយទឹកភ្នែករាប់ម៉ឺនរាប់សែនរាប់លានដំណក់ ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជន ដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។

ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន បើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់ នៅពេលដែលខ្ញុំនឹកឃើញដល់
រឿងនោះសូម្បីតែពេល ដែលខ្ញុំវាយអត្ថបទខ្លីមួយនេះ ក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឲ្យស្រវាំងភ្នែក។ ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរ នៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ។