ឯកឧត្តម សាយ សំអាល់ ណែនាំឱ្យយុវជនដាក់ចិត្តសិក្សាស្វែងយល់ និងបើកចិត្តឱ្យទូលាយរៀនសូត្រដើម្បីកែលម្អ និងទទួលយកចំណុចខ្លាំង


នៅទីស្តីការក្រសួងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែតុលានេះ បានជួបសំណេះសំណាល និងផ្តាំផ្ញើរដល់ក្រុមយុវជនចំនួន៦៣នាក់ដែលនឹងត្រូវធ្វើដំណើរទៅប្រទេសរុស្ស៊ី ប្រទេសចិន និងប្រទេសជប៉ុនដើម្បីចូលរួមកម្មវិធីយុវជនដាច់ដោយឡែកពីគ្នា។ ក្រុមយុវជនទាំងបីនេះ នឹងទៅចូលក្នុងកម្មវិធីនាវាយុវជនអាស៊ី កម្មវិធីភាពជាអ្នកដឹកនាំនៅប្រទេសចិន និងកម្មវិធីវេទិកាអន្តរជាតិលើកទី១៩ ស្តីពីយុវជន និងនិស្សិតនៅប្រទេសរុស្ស៊ី។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យយុវជនត្រូវដាក់ចិត្ត និងបើកចិត្តឱ្យទូលាយរៀនសូត្រពីគ្រប់មជ្ឈដ្ឋានដោយឈរលើជំហរសមត្ថភាពចំណេះដឹងខ្លួនឯង ដើម្បីកែលម្អចំណុចខ្វះខាតរបស់សង្គមជាតិ និងទទួលយកអ្វីដែលជាចំណុចខ្លាំងរបស់បរទេស ហើយយុវជនដែលជាសរសរទ្រូងរបស់ប្រទេសជាតិត្រូវគិតឱ្យបានវែងឆ្ងាយ ស្វែងយល់បន្ថែមពីសង្គមបរទេស ហើយជាពិសេសត្រូវយល់ពីឧត្តមប្រយោជន៍ជាតិខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការបានទៅសិក្សាចូលរួមកម្មវិធីនៅបរទេសនេះ គឺជាឱកាសដ៏វិសេសមួយសម្រាប់យុវជនកម្ពុជាបង្កើតចំណងមិត្តភាពជាមួយក្រុមយុវជនមកពីគ្រប់ទិសទី។
សម្រាប់បរិបទនាពេលបច្ចុប្បន្ន និងទៅទៅអនាគតឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានគូសបញ្ជាក់ថា៖ “កម្ពុជាតូចមិនអាចឈ្នះគេលើការប្រើប្រាស់កម្លាំងនោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យកម្ពុជាខ្លាំងបានគឺការប្រើប្រាស់កម្លាំងប្រាជ្ញានិងគំនិត”។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រី្តបានសង្កត់ធ្ងន់ថា ការកសាងខ្លួនឯងឱ្យរឹងម៉ាំ ពង្រីកសមត្ថភាពចំណេះដឹង និងមានទំនាក់ទំនល្អ គឺជាការត្រៀមខ្លួនដើម្បីក្លាយជាសរសរទ្រូងរបស់ប្រទេសជាតិ និងការជ្រោងទង់កម្ពុជាលើឆាកអន្តរជាតិ៕