ឯកឧត្តមបណ្ឌិត ងិន បាណាល់  បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «មូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល និងសារព័ត៌មាន» នៅស្រុកបាភ្នំ


តាមការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ និងជាប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង  បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «មូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល និងសារព័ត៌មាន» ដែលមានសិក្ខាកាមចូលរួមចំនួន២៥០នាក់ ។

 

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋ  យុវជនឱ្យកាន់តែយល់ច្បាស់ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ។

 

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការឈានទៅមុខជាមួយការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន។ ឯកឧត្តមបានលើកឡើងថា ការយល់ដឹងពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មិនត្រឹមតែជួយឱ្យយើងអាចទទួលបានព័ត៌មានបានលឿន និងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យយើងអាចវិភាគ និងវាយតម្លៃព័ត៌មានបានត្រឹមត្រូវផងដែរ ដើម្បីជៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលបង្កការភាន់ច្រឡំ។

 

ឯកឧត្តមក៏បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់សារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិផងដែរ និងបានក្រើនរំលឹកដល់អ្នកចូលរួមទាំងអស់ឱ្យចេះប្រើប្រាស់បណ្ដាញសង្គម និងប្រភពព័ត៌មានផ្សេងៗដោយប្រុងប្រយ័ត្ន និងពិចារណាខ្ពស់ មុននឹងជឿជាក់ ឬចែករំលែកព័ត៌មានណាមួយ។

 

វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដោតសំខាន់លើប្រធានបទមួយចំនួនដូចជា៖ សុវត្ថិភាពក្នុងការប្រើប្រាស់អុិនធឺណិត ការសម្គាល់ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម និងការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ការសិក្សា និងការងារ។ អ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងពីវាគ្មិនជំនាញ ដែលនឹងជួយពួកគេឱ្យមានទំនុកចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព៕