នារសៀលថ្ងៃពុធ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ ស័ប្តស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក្នុងនោះឯកឧត្តមក៏បានថ្លែងអំពីស្ថានភាពនៃបញ្ហាព្រំដែន កម្ពុជា-ថៃ និងបញ្ហាពលករដែលបានវិលត្រលប់មកប្រទេសកម្ពុជាយើងវិញ ក៏ដូចជាពលករដែលមានស្រុកកំណើតនៅខេត្តស្វាយរៀងផងដែរ។
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.មន្ទីររៀបដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបន្តពិនិត្យដោះស្រាយការស្នើសុំចេញប័ណ្ណកម្មសិទ្ធរបស់ប្រជាពលរដ្ឋនៅភូមិមរតកជាជំហ៊ានបន្តបន្ទាប់ទៀត។
២.មន្ទីរកសិកម្មនិងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យដោះស្រាយតាមដានការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋនៅរដូវវស្សានេះ។
៣. បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តឱ្យបានល្អជូនប្រជាពលរដ្ឋ។
៤.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៥.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
៥.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណើរសំណូមពរ និងបញ្ហាផ្សេង ៗរបស់ប្រជាពលរដ្ឋ។
៦.អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានរាល់គម្រោងមូលនិធិឃុំសង្កាត់ ឫការស្ថាបនាផ្លូវត្រូវមានគុណភាពនិងត្រូវតាមជំនាញបច្ចេកទេស ។
៧.អាជ្ញាធរពាក់ព័ន្ធបន្តជម្រុញការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក៏ដូចជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ កំពុងស្វែងរកការងារធ្វើ ពីព្រោះបច្ចុប្បន្ននៅតាមតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀងកំពុងមានតម្រូវការកម្លាំងពលកម្ម ហើយទីតាំងចុះឈ្មោះចូលបម្រើការងារ គឺនៅមាននៅតាមសាលាឃុំ/សង្កាត់ដែលនៅជិតមូលដ្ឋានរបស់គាត់រស់នៅ។