សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ខ្ញុំរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់ នៅក្នុងប្រទេសថៃ ដែលអាចស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ


(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា សម្តេចកំពុងរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ។

សម្តេចលើកឡើងថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។

សម្តេចបានលើកឡើងហេតុការណ៍ជាក់ស្តែង គឺការសម្រេចបិទបើកព្រំដែនជាមួយកម្ពុជា គឺមានភាពមិនច្បាស់លាស់ឡើយរវាងនាយករដ្ឋមន្ត្រីថៃ និងក្រុមយោធាថៃ ដោយម្តងបិទទាំងស្រុង បន្ទាប់មកបើកវិញនៅទីតាំងខ្លះ ដែលបង្ហាញពីភាពមិនស្រុះស្រួលគ្នា៕