អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ចេញរថយន្តជាច្រើនគ្រឿង ជូនបងប្អូនពលករវិលត្រឡប់ទៅកាន់ស្រុកកំណើត


(បន្ទាយមានជ័យ)៖ បងប្អូនពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានបន្តវិលត្រឡប់មកកម្ពុជាវិញនៅតាមច្រកម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជានៅតាមបណ្ដាខេត្តនានាជាប់ព្រំដែន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសម្របសម្រួល​រៀបចំនៅទីតាំងសំចតបណ្ដោះអាសន្ននៅរដ្ឋបាលខេត្ត ដើម្បីឱ្យបងប្អូនពលករ បានសម្រាក រួមនឹងបានផ្តល់អាហារ សម្រន់មុនបន្តដំណើរ វិលត្រឡប់ទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត ដោយរដ្ឋបាលខេត្ត បានរៀបចំរថយន្តជាច្រើនគ្រឿង ដើម្បីជូនបងប្អូនវិលទៅស្រុកកំណើតវិញ។

ក្នុងនោះ ក្រុមការងារចម្រុះមានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ប.ប.ស ខេត្ត រង់ចាំទទួលបងប្អូនដែលត្រឡប់មកកម្ពុជា ព្រមទាំងបានណែនាំអំពីឱកាសការងារ ដែលផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បើកឱកាសឱ្យបងប្អូនពលករ មានការងារធ្វើនៅក្នុងស្រុក ដោយមិនចំបាច់ចំណាកស្រុក ទៅប្រទេសជិតខាងឡើយ។

បងប្អូនពលករ ក៏បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារដ្ឋបាលខេត្ត ដែលបានទទួលយកពួកគាត់ យ៉ាងរួសរាយរ៉ាក់ទាក់ ព្រមទាំងបានផ្តល់ការងារជូនពួកគាត់នៅក្នុងស្រុក ជួបជុំប្រពន្ធកូន ហើយពួកគាត់ក៏បានសន្យាថា នឹងមិនវិលត្រឡប់ ទៅធ្វើការចំណាកស្រុកនៅប្រទេសថៃវិញឡើយ ដោយពួយគាត់មានឱកាសធ្វើការងារនៅក្នុងស្រុក នៅជិតឪពុកម្តាយ និងប្រពន្ធកូន៕