ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ ដឹកនាំសហការីនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យបួនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល


នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល បានដឹកនាំសហការីនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃ ដែលត្រូវចូលគង់ចាំព្រះវស្សានៅវត្តលក្ខណារាម ហៅវត្តដំបូកមានលក្ខណ៍ និងវត្តទេពសន្តិវ័ន្ស ហៅវត្តអង្គខ្នារ នៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
សូមរំលឹកថា ការចូលព្រះវស្សា មានចែងនៅក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែទុតិយាអាសាឍ ដល់ទី១៥កើត ខែអស្សុជ។ ការចូលព្រះវស្សា មានតាំងពីពេលដែលព្រះពុទ្ធគង់ជាធរមានមកម្ល៉េះ។
ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សានេះ គឺព្រះពុទ្ធជាម្ចាស់ មានព្រះបំណងចង់ឱ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេល៣ខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ជោគជាំ និងសម្បូរភក់ជ្រាំច្រើន។ តាមទម្លាប់ ពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជា តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារ:ដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ។