មេទ័ពកម្ពុជាប្រាប់អនុព័ន្ធយោធានិងទូតនានា១៣ប្រទេសថា ថៃចាប់ទាហានកម្ពុជា២០នាក់ (រត់រួចម្នាក់ សង្ស័យស្លាប់២នាក់) ! ក្រោយបទឈប់បាញ់ ទាហានថៃធ្វើជាមកចាប់ដៃជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ រួចហើយភ្ជង់ចាប់ខ្លួនតែម្តង, មកទល់ពេលនេះមិនទាន់ដោះលែង


(ព្រះវិហារ)៖ មេកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ (សង្ស័យស្លាប់២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចាប់ខ្លួននេះ នៅពេលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ។

តាមការបញ្ជាក់របស់កងទ័ពកម្ពុជា ធ្វើឡើងក្នុងឱកាសដែល មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីឃ្លាំមើលទីតាំង និងសភាពការណ៍ជាក់ស្តែង ជុំវិញការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ។

កងទ័ពកម្ពុជា បានបញ្ជាក់ប្រាប់អនុព័ន្ធយោធាទាំង១៣ប្រទេសថា នៅពេលបទឈប់បាញ់ចូលជាធរមាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានកម្ពុជា បានដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃភ្ជង់កាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង។

បើតាមការអះអាងថា របស់មេទ័ពកម្ពុជា រហូតមកទល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ៕