អ្នកនាំពាក្យក្រសួងការពារជាតិ៖ រហូតមកដល់ពេលនេះ កម្ពុជាបាននឹងកំពុងបន្តចរចាដើម្បីទាមទារភាគីថៃ បញ្ជូនបងប្អូនកងទ័ព២០នាក់ឱ្យត្រឡប់មកវិញដោយសុវត្ថិភាព


(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា ក្នុងចំណោមកងកម្លាំងកម្ពុជា២១ ដែលថៃបានចាប់ខ្លួន គឺរហូតដល់ពេលនេះ កម្ពុជាទទួលបានសពទាហានម្នាក់ ចំណែក២០នាក់ផ្សេងទៀត កំពុងទាមទារភាគីថៃបញ្ជូនត្រឡប់មកវិញ និងដោយសុវត្ថិភាព។

ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងដូច្នេះថា៖ «កងកម្លាំងកម្ពុជាចំនួន២១រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ ​មកទល់ពេលនេះ យើងបានទទួលសពចំនួន១រូប និង២0រូបផ្សេងទៀត ត្រូវបញ្ជូនត្រឡប់មកវិញ»

លោកជំទាវបានបន្តថា អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋយើង និងការពារសន្តិភាព ដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលយើងបាន និងកំពុងធ្វើបច្ចុប្បន្ននេះ។ លោកជំទាវអំពាវនាវឱ្យប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងម្លាំងដែលកំពុងឈរការពារទឹកដីយ៉ាងមោះមុត ក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត។

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ «យើងនឹងបន្តចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនទាំងអស់ឱ្យបានឆាប់បំផុត ដោយសុវត្ថិភាព។ ក្នុងន័យនេះ យើងសូមអំពាវនាវដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកម្លាំងរបស់យើងទាំង២០រូប ឱ្យត្រឡប់មកវិញ ឱ្យបានឆាប់រួមទាំងកម្លាំងផ្សេងទៀត បើសិនមានក្នុងការគ្រប់គ្រងរបស់ថៃ»

អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើឱ្យប្រជាពលរដ្ឋមានលំនឹងចិត្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទរបស់យើង មិនដែលលះបង់ កងទ័ពរបស់យើងណាម្នាក់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោកជំទាវបញ្ជាក់ទៀតថា មកដល់ពេលនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើការជាមួយរដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ ហើយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទរបស់កម្ពុជា ក៏បានស្នើឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីជួយអន្តរាគមន៍ផងដែរ ហើយមេទ័ពជួរមុខ​ក៏បាន និងកំពុងព្យាយាមដោះស្រាយ ដូច្នេះយើងសង្ឃឹមយ៉ាងមុតមាំថា នឹងវិលត្រឡប់មកវិញដោយសុខសុវត្ថភាព៕