នារសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សា ស្ដីពីគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) ដែលតំណាងដោយ លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ប្រតិភូ JICA និងមន្រ្តីជំនាញពាក់ព័ន្ធ។
គោលបំណងនៃពិធីចុះហត្ថលេខានេះដើម្បីបង្កើតនូវកិច្ចព្រមព្រៀងរួម សម្រាប់ការអនុវត្តគម្រោងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) លើការរៀបចំផែនការមេ ដោយផ្អែកលើផែនការសិក្សាលម្អិត និងសមាសភាពសំខាន់ៗនៃគម្រោង ដែលត្រូវបានឯកភាពគ្នារវាងភាគីទាំងពីរ កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
តាមការរំពឹងទុកគម្រោងនេះនឹងចំណាយពេលប្រមាណ ២៤ខែ ក្នុងការរៀបចំអភិវឌ្ឍន៍ផែនការមេខាងលើនេះ ក្នុងគោលបំណងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់ ដើម្បីពង្រីកសក្ដានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្ដមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ និងដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០២៥៕



