រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ចេញលិខិតអញ្ជើញរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ​ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ GBC នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​៤​ ខែ​សីហា


(ភ្នំពេញ)៖​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានផ្ញើសារអញ្ជើញ លោក ណាត់ថាផុង​ ណាកផានិច​ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ​ ដេីម្បីដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ GBC នៅរាជធានីភ្នំពេញ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​៤​ ខែ​សីហា​ ឆ្នាំ​២០២៥។

ខាងក្រោមនេះជាលិខិតអញ្ជើញ៖

ក្នុងលិខិតអញ្ជើញបានបញ្ជាក់យ៉ាងដូច្នេះថា «តបតាមកម្មវត្ថុនិងយោងខាងលើ ក្នុងនាមខ្ញុំជាប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ខ្ញុំ សូមជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីស្តីទី ជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំកិច្ចប្រជុំវិសាមញ្ញរបស់គណៈ កម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ ខ្ញុំសូមអញ្ជើញ ឯកឧត្តម រដ្ឋមន្ត្រីស្តីទី ចូលរួមជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញនេះ និង ដឹកនាំប្រតិភូថៃ ចំនួន ២៥ (ម្ភៃប្រាំ) រូប ចូលរួមកិច្ចប្រជុំតាមកាលបរិច្ឆេទដូចបានកំណត់។
ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងធ្វើការទាក់ទងជាមួយក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា សម្រាប់ឯកសារនានាដែលពាក់ព័ន្ធនឹងកិច្ចប្រជុំវិសាមញ្ញនេះ»

សូមជម្រាបថា ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា- ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានព្រមព្រៀងលើបទឈប់បាញ់ដោយសម្រេច ៣ចំណុចដូចតទៅ៖

*១៖ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

*២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ។

*៣៖ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ៕