(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសហការីបានអញ្ជើញទៅចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ ក្នុងម្នាក់ៗទទួលបានថវិកា៤លានរៀល។
វីរកងទ័ពជួរមុខ ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជូនពរដល់វីរកងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដី ដ៏អង់អាចក្លាហាន ប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាន នៅសមរភូមិព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ឃួង ស្រេង បានកោតសរសើរដល់វីរកងទ័ព ដោយជូនពរឲ្យឆាប់ជាសះស្បើយ និងផ្តាំផ្ញើដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ សុំឲ្យធ្វើចិត្តឲ្យស្ងប់ ក្នុងការមើលថែសុខភាពឲ្យបានល្អ។ ខណៈប្រជាពលរដ្ឋ និងកងទ័ពជួរមុខ បានលះបង់ការពារបូរណៈភាពដែនដីកម្ពុជាយ៉ាងអង់អាចក្លាហាន៕