ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តនិស្សិតនាយទាហាន ឱ្យមានស្មារតីចូលរួម ក្រោយពីបញ្ចប់ការសិក្សា យកចំណេះទៅអនុវត្តការងារចំគោលដៅ និងរក្សាសណ្តាប់ធ្នាប់សង្គម


នៅក្នុងពេលអញ្ជើញជួបសំណេះសំណាល និងធ្វើបាឋកថា នៅសាលានាយទាហានសកម្មត្មាតពង ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការកន្លងមក របស់សាលា នាយទាហានសកម្ម ដែលបានជួយបណ្តុះបណ្តាលដល់មន្រ្តីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន នូវការហ្វឹកហាត់ចំណេះជំនាញ និងចំណេះដឹងសម្រាប់យកទៅអនុវត្តការងារការពារ និងអភិរក្សធនធានធម្មជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវបទពិសោធន៍មួយចំនួន ដល់នាយទាហាន និស្សិតនាយទាហានសកម្ម ការ លើកកម្ពស់ការយល់ដឹងផ្នែកចំណេះដឹងទូទៅ និងបញ្ហាសង្គមជាដើម។ ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យនិស្សិតនាយទាហានទាំងអស់ ឱ្យមានស្មារតីចូលរួម ក្រោយពីបញ្ចប់ការសិក្សា យកចំណេះទៅអនុវត្តការងារអោយចំគោលដៅ និងរក្សាបាននូវសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តសិស្សនាយទាហានសកម្ម ទាំងអស់ខិតខំរៀនសូត្រ ដើម្បីទៅអនាគតបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបុព្វហេតុការពារ កសាងមាតុភូមិកម្ពុជា។
យោងតាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេណីយ៍ឯក ច័ន្ទ សុភក្រ្តា នាយករងសេនាធិការចម្រុះ និងជានាយកសាលានាយទាហានសកម្ម នេះជាវេទិកាជួបសំណេះសំណាលរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទី៣ ជាមួយនិស្សិតនាយទាហានសកម្មប្រមាណជាង៨រយនាក់ ដើម្បីចែករំលែក និងផ្តល់នូវបទពិសោធន៍នានា ក្នុងការចូលរួមប្រតិបត្តិ ក្នុងន័យចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ តាមរៈកម្មវិធីនេះ គឺជាកត្តាមួយជម្រុញលើកទឹកចិត្តដល់និស្សិតនាយទានក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុការពារ កសាងមាតុភូមិកម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកងយោធពលខេមរភូមិន្ទ។ បន្ទាប់ពីជួបសំណេះសំណេះសំណាលជាមួយនាយទាហាន និស្សិតនាយទាហានសកម្មទាំងអស់រួចមក ឯកឧត្តម សាយ សំអាល់ និងប្រតិភូក្រសួងបរិស្ថាន បានចូលរួមពិនិត្យមើលសកម្មភាពហ្វឹកហាត់នៃនិស្សិតសាលានាយទាហានសកម្មផងដែរ៕