ការមួលបង្កាច់កម្ពុជា ពីសំណាក់ភាគីថៃ ជុំវិញជម្លោះព្រំដែន ឯកឧត្តម ប៉ែន បូណា៖ សហគមន៍អន្តរជាតិ គេបានដឹងច្បាស់ហើយថាភាគីថៃ មិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ សូមពលរដ្ឋបន្តនូវកម្លាំងមហាសាមគ្គីដ៏ធំធេងនៅពីក្រោយខ្នងកងកងទ័ព និងរដ្ឋាភិបាល


(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ពេលនេះសហគមន៍អន្តរជាតិគេបានដឹងអស់ហើយ ភាគីថៃ មិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ បន្តនូវកម្លាំងមហាសាមគ្គីដ៏ធំធេងរបស់យើង នៅពីក្រោយកងកម្លាំងប្រដាប់អាវុធ កងទ័ពដ៏អង់អាចក្លាហានរបស់យើង ​នៅពីក្រោយថ្នាក់ដឹកនាំដែលមានភាពវាងវ័យ បទពិសោធន៍ ក្នុងការដឹកនាំប្រទេស និងការពារបូរណភាពទឹកដីកម្ពុជា។

ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសលោកចូលរួមរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា អត់មានអ្វីចំលែកនោះទេ ដែលមន្ត្រីស៊ីវិល ទាំងយោធារបស់ថៃ និងបណ្តាញសារព័ត៌មាន នៅតែបន្តនិយាយភូតកុហុស មួលបង្កាច់ ចោទប្រកាន់កម្ពុជាគ្រប់ពេលវេលា។​ អ្វីដែលភាគីថៃ បាននិយាយ គឺនិយាយភូតកុហុស ទៅបរទេសថា កម្ពុជា ជាអ្នកឈ្លានពាន កងទ័ពកម្ពុជា ជាអ្នកបាញ់ទៅលើកងទ័ពថៃមុនជាដើម។ ត្រង់ចំណុចនេះ គឺប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានអន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ពីទង្វើរំលោភបំពានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី ពីសំណាក់ភាគីថៃ ទៅវិញ។

ប្រទេសកម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាម និងបានជួបនូវវិនាសសកម្មជាច្រើនដោយសារតែភ្លើងសង្គ្រាម ដូច្នេះ ហើយថ្នាក់ដឹកនាំរបស់កម្ពុជា បានតស៊ូលះបង់គ្រប់បែបយ៉ាងទម្រាំតែកម្ពុជា រំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ សន្តិភាពជិតទសវត្សចុងក្រោយនេះ បានផ្តល់ផលចំណេញធ៏ធេងសម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពដ៏លំបាកពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា, ត្រូវបានលោក ប៉ែន បូណា បានចោទជាសំណួរថា តើកម្ពុជាឯណាទៅរកបង្កជម្លោះ ថ្នាក់ដឹកនាំកម្ពុជាឯណាទៅបំពានគេ ទៅបាញ់គេមុន? សុទ្ធតែពាក្យចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុស។ ដូច្នេះ ចំពោះបញ្ហាបង្កជម្លោះពីសំណាក់ប្រទេសថៃ មកលើកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រេទេស បានដឹង និងយល់ច្បាស់គ្រប់គ្នាអស់ហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ បានរួមគ្នាជាសំលេងតែមួយជាមួយរាជរដ្ឋាភិបាល របស់ប្រជាជាតិខ្មែរ ដើម្បីតស៊ូមតិប្រឆាំងតបតទៅនឹងការចោទប្រកាន់ពីសំណាក់ភាគីថៃ មកលើកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងយ៉ាងដូច្នេះថា៖ «អីឡូវនេះ សហគមន៍អន្តរជាតិគេបានដឹងលឺអស់ហើយ។ អ៊ឹចឹងភាគីថៃ មិនអាចចេះតែនិយាយអ្វីបានតាមចិត្តនោះទេ សូមបងប្អូនយើងបន្តនូវការរួបរួមគ្នា កម្លាំងមហាសាមគ្គីជាតិ ដ៏ធំធេងរបស់យើងនៅពីក្រោយកងកម្លាំងប្រដាប់អាវុធ កងទ័ពដ៏អង់អាចក្លាហានរបស់យើង នៅពីក្រោយថ្នាក់ដឹកនាំដែលមានភាពវាងវៃ មានបទពិសោធន៍ មានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការកសាងប្រទេស និងការការពារអធិបតេយ្យភាពទឹកដី»

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ការរួបរួមគ្នាជាសំលេងតែមួយ ជាធ្លុងតែមួយរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល គឺជាចំណុចខ្លាំងរបស់កម្ពុជា ដើម្បីឱ្យកម្ពុជា អាចយកឈ្នះបាននៅគ្រប់សមរភូមិទាំងយោធា ការទូត នយោបាយ និងផ្លូវច្បាប់៕