ទេសរដ្ឋមន្ដ្រី ប៉ែន វិបុល និងភរិយា ចុះសំណេះសំណាលចែកអំណោយជូនជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលបណ្ដោះអាសន្ន ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ


(ឧត្តរមានជ័យ)៖ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ហេង សំអូន ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូន ប្រជាពលរដ្ឋដែលជាជនភៀសសឹកកំពុងស្នាក់នៅទីតាំងបណ្ដោះអាសន្ន និងកងកម្លាំងនគរបាលជាតិ ដែលរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ដ្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ប៉ែន វិបុល បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីព្រួយបារម្ភនឹករលឹកជាទីបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹកទាំងអស់។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ​ និងកោត​សរសើរចំពោះរដ្ឋបាលខេត្ត​ ក្រុមការងារ​ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ដែលរួមសហការគ្នាបានយ៉ាងល្អប្រសើរ​ ជាពិសេសការជួយដោះស្រាយស្បៀងបានទាន់ពេលវេលា​ ជូនដល់ប្រជាពលរដ្ឋ​ ក្នុងគ្រាលំបាកនេះ​។​ លោកបានលើកទឹកចិត្តបងប្អូនភៀសសឹកឲ្យអត់ធ្មត់ និងបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារទឹកដី​ និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ៕