អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំក្រុមលេខាធិការលេខាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅម៉ាឡេស៊ី រយៈពេល៣ថ្ងៃនេះ មានសញ្ញាវិជ្ជមានច្រើន


(ភ្នំពេញ)៖ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រយៈពេល៣ថ្ងៃមកនេះ មានសញ្ញាវិជ្ជមានជាច្រើនរវាងភាគីទាំងពីរ។

គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមលេខាGBC បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កិច្ចប្រជុំ៣ថ្ងៃនេះ ក្រុមការងារលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានផ្លាស់ប្តូរនៃចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ដោយឡែកភាគីថៃ ក៏មានចំណុចល្អខ្លះដែលកម្ពុជា ទទួលយកដូចគ្នា»

គួរឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។

កិច្ចប្រជុំនេះ មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សូមជម្រាបថា កិច្ចប្រជុំ GBC គឺជាផ្នែកមួយបន្ទាប់ពីកម្ពុជានិងថៃ បានឯកភាពដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដែលចូលជាធរមាន នៅម៉ោង០០៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕