អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កេរ្តិ៍ឈ្មោះកម្ពុជា ដែលទទួលបាននៅលើពិភពលោកពេលនេះ គឺការដោះមីន មិនមែនជាការដាក់មីននោះទេ


(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលទទួលបាននៅលើពិភពលោកពេលនេះ គឺការដោះមីន មិនមែនជាការដាក់មីននោះទេ។ លោកបានច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងពីភាគីថៃថា កម្ពុជាបានដាក់មីនថ្មី។

ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ទាហានថៃម្នាក់ទៀត ត្រូវបានដាច់ជើង ដោយសារដើរជាន់មីន បន្ទាប់ពីមានទាហានខ្លួន ៣នាក់ ក៏បានជាន់មីនកន្លងទៅនេះ។ ភាគីថៃបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ខណៈកម្ពុជាបានច្រានចោលម្តងហើយម្តងទៀតថា ខ្លួនមិនដែលដាក់មីនថ្មីនោះទេ និងគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះអនុសញ្ញាអូតាវ៉ា។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះ «ដូច្នេះ ខ្ញុំសូមបញ្ជាក់ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេ​ះ គឺការដោះមីន និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីទេ»

សូមជម្រាបថា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាបានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថិភាពដល់សហគមន៍។

មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ពីការពិត នៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ហេតុនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈណាមួយ។ ការចោទប្រកាន់ដោយគ្មានការពិត នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់ បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នា នៅក្នុងស្ថានភាពនេះ។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។

កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការជាមួយភាគីថៃ សហគមន៍អាស៊ាន និងសហគមន៍មីនអន្តរជាតិ ដើម្បីប្រកាន់ខ្ជាប់នូវសន្តិភាព និងលើកកម្ពស់សុខសុវត្ថិភាព៕