JTI ពង្រីកភាពជាដៃគូសម្រាប់ការរីកចម្រើន ក្នុងគម្រោងសហគមន៍ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ


(កំពង់ចាម-ត្បូងឃ្មុំ)៖ ​ក្រុមហ៊ុន ជេធី អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក ដែលហៅកាត់ថា ក្រុមហ៊ុន ជេធីអាយ “JTI” ដែលជាក្រុមហ៊ុនជប៉ុន ថ្នាំជក់អន្តរជាតិឈានមុខគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការវិនិយោគសហគមន៍ តាមរយៈគម្រោងកសិកម្មដំណាំថ្នាំជក់ ក្នុងគោលដៅអភិវឌ្ឍគាំទ្រគម្រោង «ម៉ាកសមូហភាពថ្នាំជក់កម្ពុជា» នាកិច្ចប្រជុំនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

នៅក្នុងកម្មវិធីប្រជុំកិច្ចពិភាក្សា ស្តីពីដំណាំថ្នាំជក់នៅកម្ពុជា នាថ្ងៃដដែលក៏មានការប្រារព្ធកម្មវិធីសម្ពោធប្រគល់ប៉មចម្រោះទឹកបរិសុទ្ធ (Aqua Tower) ចំនួន២គ្រឿង ដល់ប្រជាពលរដ្ឋនៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងនៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ដោយឡែកជាពិសេសកម្មវិធីនៅខេត្តត្បូងឃ្មុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ អមដោយលោក ម៉ឹង សុខលាត អគ្គលេខាធិការរង គ.អ.ឆ.ក និងជាប្រធាននាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត តំណាងមន្ទីរកសិកម្មខេត្ត តំណាងក្រុមអ្នកផលិត និងអាជីវករថ្នាំជក់ខេត្តត្បូងឃ្មុំ និងកំពង់ចាម ព្រមជាមួយប្រជាកសិករថ្នាំជក់ និងបុគ្គលិក JTI ប្រមាណ ៧០នាក់។

ចាប់តាំងពីឆ្នាំប្រតិបត្តិការដំបូងនៅឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន JTI បានចូលរួមជួយសហគមន៍ក្នុងទឹកប្រាក់ប្រហែលជា ១លានដុល្លារសហរដ្ឋអាមេរិក លើគម្រោងជួយសហគមន៍ផ្សេងៗ ដូចជាដាំដើមឈើព្រៃឡើងវិញ បង្គោលភ្លើងសូឡាដើរដោយពន្លឺព្រះអាទិត្យដាក់តាមទីជនបទ ទឹកស្អាត ផ្ទះសម្រាប់សហគមន៍ងាយរងគ្រោះ និងកម្មវិធីជួយមនុស្សចាស់ និងពិការជនជាដើម។ ដោយឡែកសម្រាប់គម្រោងទឹកស្អាត គិតត្រឹមចុងឆ្នាំនេះ ក្រុមហ៊ុន JTI មានមោទកភាពក្នុងការប្រគល់ ប៉មចម្រោះទឹកបរិសុទ្ធចំនួន ១០ទូទាំងប្រទេស ដើម្បីផ្តល់ទឹកស្អាត និងមានសុវត្ថិភាពដល់ប្រជាពលរដ្ឋជាង ៤០,០០០នាក់។

នាឱកាសនៃកម្មវិធីឯកឧត្តម ផារ៉ា មង្គល បានមានប្រសាសន៍ថា៖ «តាងនាមឱ្យបងប្អូនក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន JTI ដែលបានឧបត្ថម្ភនូវ ម៉មចម្រោះទឹកស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉មចម្រោះទឹកស្អាតនេះ នឹងចូលរួមចំណែកកាត់បន្ថយជាអតិបរមានូវអត្រានៃការកើតជំងឺឆ្លង ឬបញ្ហាសុខភាពផ្សេងៗ ដែលកើតចេញពីការបរិភោគទឹកមិនស្អាត ជាពិសេសលើកកម្ពស់ទម្លាប់ប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង»។

JTI គឺជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេដែលលក់ផលិតផលរបស់ខ្លួននៅក្នុងជាង ១៣០ប្រទេស និងមានបុគ្គលិកជាង ៤៦,០០០នាក់នៅប្រហែល ៧០ប្រទេស។ JTI គឺជាសមាជិកនៃ JT Group of Companies។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន JTI ចែកចាយម៉ាកបារីល្បីៗទូទាំងពិភពលោក ដូចជា Winston និង Mevius ហើយមានបុគ្គលិកប្រហែល៤៦០នាក់។ ក្រុមហ៊ុន JTI នៅកម្ពុជា ត្រូវបានការទទួលស្គាល់ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន JTI ក៏បានទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជាតាំងពីឆ្នាំ២០២២៕