(កំពត)៖ ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរសង្គមកិច្ចខេត្តកំពត និងចុះពិនិត្យអគារចាស់មួយកន្លែង ដើម្បីរៀបចំជួសជុលកែលម្អឡើងវិញ សម្រាប់ការផ្ដល់សេវាបន្ថែមទៀត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត។
កិច្ចប្រជុំនេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីទីប្រឹក្សាក្រសួង លោកប្រធានមន្ទីរ លោកស្រីអនុប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន និងមន្រ្តីជំនាញ នៅសាលប្រជុំនៃមន្ទីរមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត។
លោក ស៊ុយ សុភ័ក្រ្តវិបុល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត បានរាយការណ៍សង្ខេប ពីទិសដៅការងារបន្តរបស់មន្ទីរ នឹងខិតខំប្រឹងប្រែងបន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជំរុញការងារវិស័យសង្គមកិច្ចក្នុងខេត្តកំពត ឲ្យកាន់តែប្រសើរឡើង និងប្រកបដោយចីរភាព ។
ឯកឧត្តម អេង ចំរើន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដល់មន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អកន្លងមកនេះ និងសូមថ្លែងអំណរគុណដល់បងប្អូនមន្ត្រីរាជការនៃមន្ទីរទាំងអស់គ្នា ដែលបំពេញការងារជារួមទទួលបានលទ្ធផលល្អក្នុងមន្ទីរ។
ឯកឧត្តម អេង ចំរើន បានបន្ថែមទៀតថា «ការរួបរួមសាមគ្គីគ្នា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម ដែលមានភាពប្រាកដនិយមបម្រើឱ្យឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជាយើង ប្រសិនបើយើងទាំងអស់រួមសាមគ្គីគ្នា គាំទ្រនូវគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជាពិតជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់»។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការ និងលោកប្រធានមន្ទីរ គណៈប្រតិភូក្រសួង បានចុះពិនិត្យទីតាំងអគារចាស់មួយកន្លែងរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពត ស្ថិតនៅភូមិតាអេង សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ដើម្បីត្រៀមរៀបចំជួសជុលកែលម្អឡើងវិញ សម្រាប់ប្រើប្រាស់ជាស្នាក់ការផ្ដល់សេវាបន្ថែមទៀត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត៕