ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់ថា បងប្អូនដែលមានមុខរបររត់តាក់ស៊ី ទាំងអាជីពក្តី ឬអត់អាជីពក្តី គឺសុទ្ធតែជាធនធានមនុស្សដ៏មានសារៈសំខាន់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា បងប្អូនដែលមានមុខរបររត់តាក់ស៊ី ទាំងអាជីពក្តី ឬអត់អាជីពក្តី គឺសុទ្ធតែជាធនធានមនុស្សដ៏មានសារៈសំខាន់ ព្រោះថាអ្នកទាំងនោះ បានធ្វើដំណើរគ្រប់ច្រកល្ហករាល់ថ្ងៃ អាចបានដឹងព័ត៌មានពីមូលដ្ឋានច្រើន ជាពិសេសអ្នកទាំងនោះបានបម្រើ និងដឹកជញ្ជូនភ្ញៀវទេសចរណ៍ ប្រកបដោយក្រមសីលធម៌ និងភាពថ្លៃថ្នូរ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងចែកអាវឯកសណ្ឋាន គ្រួសារអ្នករត់តាក់ស៊ីទូទាំងខេត្ត ជិត១០០នាក់ ដែលពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ខេ អឹម ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង សង្កាត់ និងបងប្អូនក្រុមគ្រួសារអ្នករត់តាក់ស៊ីយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានអំពាវឲ្យអ្នកទទួលម៉ៅការបេន ក្នុងឱកាសពិធីបុណ្យជាតិផ្សេងៗ ជាពិសេសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែនាពេលខាងមុខ សូមកុំឡើងថ្លៃ សូមយកកម្រៃតែ៥០%ពីសៀវភៅបន្ទុកបានហើយ ចំពោះបងប្អូនក្រុមគ្រួសារអ្នករត់តាក់ សូមកុំឡើងថ្លៃដូចគ្នា។ ក្រុមគ្រួសារអ្នករត់តាក់ស៊ី និងអ្នកទទួលម៉ៅការបេន ជិត១០០នាក់ បានគាំទ្រការអំពាវនាវរបស់ឯកឧត្តម ម៉ៅ ធនិន ដែលជាមេគ្រួសារ និងបានទទួលយក អាវឯកសណ្ឋាន១ សារុង១ និងអង្ករ១ការ៉ុងគ្រប់ៗគ្នា ព្រមទាំងបានពិសាបាយសាមគ្គី ជួបជុំគ្នានាឱកាសនោះផងដែរ៕