សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាព


(ចិន)៖ ក្រោយពេលបញ្ចប់បេសកកម្មការងារដ៏មមាញឹករយៈពេល៣ថ្ងៃនៅលើទឹក​ដី​ចិន, នៅយប់អាធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ​អញ្ជើញ​ទៅ​ប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរអញ្ជើញទៅ​ប្រទេស​ចិននេះ ធ្វើឡើងតបតាមការអញ្ជើញ​របស់​ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។

ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំ​ខាង​លើ​ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង, ឯកឧត្តម វ៉ាង ហ៊ូនីញ ប្រធានសភា​ប្រឹក្សានយោបាយប្រជាជនចិន, ឯកឧត្តម ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី, ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, ឯកឧត្តម Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងឯកឧត្តម អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕