នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបំផុសគំនិត ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការរក្សា និងលើកទឹកចិត្តឱ្យអ្នកជំងឺប្រើប្រាស់សេវាសុខាភិបាលក្នុងប្រទេស ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំបំផុសគំនិត ដើម្បីប្រមូលមតិយោបល់ និងស្វែងរកដំណោះស្រាយក្នុងការលើកទឹកចិត្តឱ្យអ្នកជំងឺប្រើប្រាស់សេវាក្នុងប្រទេស ជាពិសេសក្នុងស្ថានភាពដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កឱ្យមានការរាំងស្ទះក្នុងការទទួលសេវាថែទាំ និងព្យាបាលសម្រាប់អ្នកជំងឺដែលធ្លាប់ទៅប្រើប្រាស់សេវាសុខាភិបាលនៅក្រៅប្រទេស។
តាមរយៈការបំផុសគំនិត និងការមូលមតិជារួមពីសមាជិកអង្គប្រជុំ ឯកឧត្តមសាស្ត្រាចារ្យបានរំលេចនូវកត្តាសំខាន់ៗមួយចំនួនដើម្បីពង្រឹងការប្រើប្រាស់សេវាក្នុងប្រទេស៖ ១) លើកកម្ពស់គុណភាព និងសុវត្ថិភាពនៃសេវាថែទាំ តាមរយៈប្រព័ន្ធទទួលស្គាល់គុណភាពរបស់ក្រសួងសុខាភិបាល (Accreditation) ២) ពង្រឹងធនធាន និងសមត្ថភាពផ្នែកសេវាឯកទេស ៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងបដិសណ្ឋារកិច្ចក្នុងមូលដ្ឋានសុខាភិបាល ៤) ផ្តល់ការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង (patient-centered care) ៥) បង្កើនលទ្ធភាពក្នុងការទទួលសេវាថែទាំ។



