ទីក្រុង និងស្រុករបស់កម្ពុជាចំនួន៥ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត


(ម៉ាឡេស៊ី)៖ ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់ព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតរួមមាន៖

ទី១) ក្រុងសៀមរាប នៃខេត្តសៀមរាប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥
ទី២) ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សេដ្ឋកិច្ចចក្រា
ទី៣) ក្រុងតាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត
ទី៤) ទីប្រជុំជនស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាត
និង៥) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។

ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត បានប្រារព្ធធ្វើឡើងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់រដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសសមាជិក តំបន់នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងនោះគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយអគ្គលេខាអាស៊ាន ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា លើឆាកអន្តរជាតិ ដែលទីក្រុងនិងទីប្រជុំជនរបស់កម្ពុជាមានភាពស្អាត និងទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទាំងនេះ ដែលបានឆ្លុះបញ្ចាំងនូវការដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយភាពវាងវៃខ្ពង់ខ្ពស់ និងមានភាពស្វាហាប់ ប្រកបដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមជាមួយការអនុវត្តតាមយុទ្ធសាស្រ្តចក្ក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បាននិងកំពុងដាក់ចេញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា បង្កើនគម្របបៃតង និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បីធ្វើការអនុវត្តទប់ស្កាត់ការបំពុលបរិស្ថាន ដោយផ្តោតលើភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃទឹក និងភាពស្អាតផ្ទៃមេឃ ដែលមានការគាំទ្រ និងចូលរួមអនុវត្តសកម្មភាពពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រឹះស្ថានសាធារណៈ ផ្នែកឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ យុវជនកម្ពុជា ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសកម្ពុជាមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង និងបរិស្ថានផង។

កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញ ជាក់ស្តែងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបជាង ១១លាន អង្គ/នាក់។ យុទ្ធនាការ «កម្ពុជា ស្អាត ខ្មែរធ្វើបាន» បានជំរុញសកម្មភាពរួមគ្នា ចេញរើសសំរាម សំណល់ប្លាស្ទិក ក្នុងពេលតែមួយ ដើម្បីសម្អាតតាមផ្ទះ តាមមូលដ្ឋាន និងនៅតាមដងផ្លូវ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ជាង ៦លាន អង្គ/នាក់។ យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» បានចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ និងជំរុញឱ្យបណ្តាក្រុង ស្រុក ខណ្ឌនៅតាមដងផ្លូវជាតិមានភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។

ដើម្បីភាពស្អាតផ្ទៃទឹក ក្រសួងបរិស្ថានបានផ្តោតលើការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹក ពីរោងចក្រ សហគ្រាស។ ក្រសួងបានអនុវត្តច្បាប់១០០% ដោយតម្រូវឱ្យប្រភពបំពុល ត្រូវបំពាក់ និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ ស្របតាមច្បាប់ជាធរមាន។

គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យារួច ក្នុងនោះមាន រោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់ ក្នុងនោះមានរោងចក្រ សហគ្រាស នៅខេត្តកណ្តាល មានច្រើនជាងគេ ហើយនឹងត្រូវប្រកាសជាខេត្តគំរូរបស់កម្ពុជា ដែលបានចូលរួមអនុវត្តការបំពាក់ឧបករណ៍តាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវចូលតំបន់ទឹកសាធារណៈ នៅពេលខាងមុខ៕