ប្រតិភូយុវជនកម្ពុជាចូលរួមក្នុងទិវាពិភពលោកយុវជន និងនិស្សិតលើ១៩នៅរុស្ស៊ី


នាទីក្រុងសូឈី សហព័ន្ធរុស្សី ថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ប្រតិភូយុវជនកម្ពុជាចំនួន ១០រូប មកពីក្រសួងបរិស្ថាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរជាតិអគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងចូលរួមក្នុងទិវាពិភពលោកយុវជន និងនិស្សិត លើកទី១៩។
ទិវានេះមានយុវជន និងនិស្សិតចូលរួមចំនួនប្រមាណជិត ៣០០០០នាក់ មកពីប្រទេសចំនួន ១៨៥ និងត្រូវបានបើកជាផ្លូវការនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្សី។
គោលបំណងនៃព្រឹត្តិការនេះ គឺដើម្បីឱ្យអ្នកចូលរួមមានឱកាសសិក្សាស្វែងយល់ពីវិស័យបរិស្ថាននិងសុខភាព វប្បធម៌ ភាពជាអ្នកដឹកនាំ សក្តានុពលយុវជន ឧស្សាហកម្មសម្រាប់អនាគត ទំនាក់ទំនងការបរទេស និងស្ថានភាពនយោបាយក្នុងពិភពលោក។ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នរដ្ឋមួយចំនួននៃសហព័ន្ធរុស្ស៊ី អ្នកជំនាញ និងអ្នកស្រាវជ្រាវល្បីៗ មកពីបណ្តាប្រទេសផ្សេងៗ ត្រូវបានអញ្ជើញឱ្យចូលរួមដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹង ក៏ដូចជាស្វែងរកដំណោះស្រាយរួមទាក់ទងនឹងបញ្ហាប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ៕