(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសូមស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។
សូមជំរាបថា ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃ ដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរ បានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
គួររម្លឹកថា បន្ទាប់ពីកិច្ចប្រជុំពិសេស GBC កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ ភាគីកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំណែកភាគីថៃ ដឹកនាំដោយរដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានីត។
តាមកិច្ចព្រមព្រៀងដែលប្រកាសក្រោយកិច្ចប្រជុំពិសេស GBC បានបញ្ចប់ បានឱ្យដឹងថា កម្ពុជា-ថៃ ព្រមព្រៀងគ្នាថែរក្សាការទំនាក់ទំនងទៀងទាត់រវាងទីតាំងកងទ័ពទាំងអស់ តំបន់យោធា និងអង្គភាពនៅតាមបណ្ដោយព្រំដែននៃភាគីទាំងសងខាង និងប្រឹងប្រែងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសជម្លោះ។
កម្ពុជា-ថៃ បានព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ បទឈប់បាញ់នេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពប្រទេសទាំងពីរ បានប្រយុទ្ធគ្នា នៅតាមបណ្តោយព្រំដែនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ក្រោយពេលកងទ័ពថៃ ចូលឈ្លានពានទឹកដីកម្ពុជា៕