សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាន AIPA លើកទី៤៦ ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាដើរតួនាទីនាំមុខដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន”។

អំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗ រួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បីកំណត់របៀបវារៈនិងដំណើរការនៃមហាសន្និបាត និងការពិភាក្សាអនុម័តលើការងារសំខាន់ៗ របស់អគ្គលេខាធិការដ្ឋានអាយប៉ាផងដែរ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអ្នកនយោបាយស្រ្តីលើកទី២ ព្រមទាំងអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត ជាដើម។

ទន្ទឹមនឹងនេះ សមាជិកគណៈប្រតិភូសភាកម្ពុជាផ្សេងទៀតក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការនានារបស់អាយប៉ា រួមមាន កិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការបូកសរុប កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ាប្រមាណ១៦ ប្រទេសផងដែរ។

អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់នៅក្នុងតំបន់ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្ត និងគន្លឹះនានាដើម្បីរួមចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចា និងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ក៏ដូចជារួមចំណែកជាមួយអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល ។

វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះមិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំាងក្នុងតំបន់និងសកលលោក។

ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគូឡាឡំាពួ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួន ដែលជាសមាជិកអាយប៉ា សភាសង្កេតការណ៍អាយប៉ា និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសកលលោក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ ដោយតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព៕