អភិបាលខេត្តតាកែវ ស្នើឱ្យក្រុមហ៊ុនសាងសង់ព្រែកជីកហ្វូណនតេជោ សាងសង់ឱ្យបានសម្រេចតាមផែនការ នៅឆ្នាំ២០២៨


(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម ថ្នល់ និងស្ពានចិន (China Road and Bridge Corporation – CRBC) ជាក្រុមហ៊ុនស្ថាបនាព្រែកជីក ហ្វូណនតេជោ នៅទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្នើសុំធ្វើយ៉ាងណាឱ្យក្រុមហ៊ុនសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបានទៅតាមផែនការនៅឆ្នាំ២០២៨។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្តថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលប្រយោជន៍យ៉ាងធំធេងលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ជាពិសេសជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋថែមទៀតផង។

ឯកឧត្តម វ៉ី សំណាង បានបន្ថែមថា «ដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ចាប់ផ្ដើមដំណើរការសាងសង់នៅចុងឆ្នាំ២០២៥នេះ ដូច្នោះសូមក្រុមហ៊ុនខិតខំធ្វើយ៉ាងណាសាងសង់សម្រេចគោលដៅឱ្យបានរួចរាល់ តាមផែនការកំណត់នៅឆ្នាំ២០២៨ ខាងមុខ»។

ថ្លែងនៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនសាងសង់ព្រែកជីកហ្វូណនតេជោ បានសន្យាជាមួយឯកឧត្តមអភិបាលខេត្តតាកែវថា នឹងខិតខំប្រឹងប្រែងសាងសង់សម្រេចឱ្យបានទៅតាមគោលដៅផែនការនៅឆ្នាំ២០២៨៕