(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជកម្ពុជា បានចូលរួមកម្មវិធីរត់សហគមន៍ផ្លូវកោះកេរ ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងកម្មវិធីនោះមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ក្រុមបាល់ទាត់ទាំង៨ រួមមាន ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកខេត្តព្រះវិហារ។
កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភបលោក ដោយមានការចូលរួមពីបងប្អូនជាង១,០០០នាក់ និងការត់មានចំងាយជាង៩គីឡូមែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ។
សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារ និងក្រុមបាល់ទាត់មនុស្សធម៌ធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីសួរសុខទុក្ខជនភៀសសឹក ព្រមទាំងរៀបចំកម្មវិធីកម្សាន្ដ «អារាមគុនខ្មែរ» ដើម្បីផ្តល់បរិយាកាសសប្បាយរីករាយជូនដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរុំជនភៀសសឹក ក្នុងខេត្តព្រះវិហារ៕