ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរតំណាងអង្គការយូណេស្កូ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែក ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា


នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្ដមបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ឯកឧត្ដម Sardar Umar Alam ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម និងការចូលរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។

ឯកឧត្ដម Sardar Umar Alam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ក្នុងអំឡុងបេសកកម្មការងាររបស់ឯកឧត្ដម៕