កូនត្នោត ២២,០០០ដើម ត្រូវបានដាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម


(ត្បូងឃ្មុំ)៖ កូនត្នោតចំនួន២២,០០០ដើម រួមជាមួយកូនឈើព្រៃមួយចំនួនទៀត ត្រូវបានដាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងតាមមូលដ្ឋាននានា នៅក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីដាំកូនត្នោត និងកូនឈើនៅក្នុងភូមិសាស្រ្តខាងលើនេះ នាថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ដើមត្នោតជារុក្ខាជាតិ តំណាងអត្តសញ្ញាណជាតិខ្មែរ និងផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដល់ប្រជាជនខ្មែរ តាំងពីសម័យបុរាណកាលមកដល់បច្ចុប្បន្ននេះសម្រាប់ការប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា សកម្មភាពដាំដើមត្នោតនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញាណនៃដួងប្រលឹងជាតិ ក៏ដូចជាបំផុសផ្នត់គំនិត ជំនាន់ក្រោយៗទៀតស្រឡាញ់ និងចូលរួមដាំដុះបន្ថែមនិងទទួលបានប្រយោជណ៍សេដ្ឋកិច្ចយ៉ាងសំខាន់ពីដើមត្នោត ដែលក្នុងនោះមានទាំងអាចទាញអាចកៀបយកទឹកត្នោតដោយម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ ដើម្បីផលិតជាស្ករត្នោតបានទៀតផង។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានសូមពាំនាំនូវការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមានចូលរួមទាំងអស់គ្នា មានជំនឿជឿជាក់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។

«ការដាំដើមត្នោត និងដើមឈើឱ្យបានច្រើន ជំរុញឱ្យកម្ពុជាមានភាពស្រស់ស្អាត មានភាពបៃតង និងការរស់នៅដោយចីរភាព ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការឆ្លើយតបនឹងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។

សូមបញ្ជាក់ថា ការដាំដើមត្នោតនេះ គឺជាលើកទី៣ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ សិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ បានចូលរួមដាំដើមត្នោតនិងដើមឈើព្រៃ ចំនួន២២,០០០ដើម នៅតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។ នៅឆ្នាំ២០២៤ កន្លងមកនេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលបាលខេត្តត្បូងឃ្មុំ យុវជនកម្ពុជា កងកម្លាំងប្រដាប់អាវុធ សប្បុរសជន អ្នកស្មគ្រចិត្ត និងប្រជាពលរដ្ឋ បានដាំកូនត្នោត បានចំនួន១៥,០០០ដើម និងដើមឈើជាច្រើនផ្សេងទៀត នៅតាមព្រំដែនកម្ពុជា វៀតណាម និងតាមមូលដ្ឋាននានា នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតងនៅកម្ពុជា។

ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ដើម្បីជំរុញការបណ្តុះកូនឈើនៅតាមថ្នាល របស់មន្ទីរបរិស្ថាននៅទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅឆ្នាំ២០២៥ បានកូនឈើចំនួន ៣.៤៥៤.៤៧២ ដើម ក្នុងនោះមាន ឈើហូបផ្លែ ចំនួន ១៤៦.៣៣២ដើម, ឈើព្រៃ ចំនួន ១.៩៣៣.៧៣៦ដើម និងកូនត្នោត ចំនួន ១.៣៧៤.៤៣៤ដើម។

ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះជូនពលរដ្ឋដាំដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះ កូនឈើតំបន់នានាទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះកូនឈើចំនួនជិត២លានដើម និងកូនត្នោតជាង៩០ម៉ឺនដើម បានចែកជូនប្រជាពលរដ្ឋដាំស្តារព្រៃ ដាំតាមទីសាធារណៈនានា សាលារៀន វត្តអារាម តាមលំនៅដ្ឋានជាដើម ដើម្បីបង្កើនគម្របព្រៃ និងឆ្ពោះទៅកម្ពុជា ជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕