ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ប៉ុល សារឿន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៣ និងបើកវគ្គជំនាន់ទី ២៤


នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៣ និងបើកវគ្គជំនាន់ទី ២៤ ដែលស្ថិតនៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនកម្ពុជា-ឥណ្ឌូនេស៊ី ក្រាំងចេក ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានណែនាំ នាយទាហាន នាយទាហានរង ពលទាហាន និង សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការហាត់រៀន ជំនាញអង្គរក្សពិសេសអោយបានស្ទាត់ជំនាញ ទាំងទ្រឹស្តីនិងការអនុវត្តដើម្បីយកចំណេះនិងជំនាញទៅបំរើផលប្រយោជន៏ដល់សង្គមជាតិ ជាពិសេស ត្រូវការពារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ អោយបាន ១០០%។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ទៀតថា ត្រូវការពារអោយបាននូវសន្តិភាពដែលយើងកំពុងមាននេះអោយបានជាដាច់ខាត។
ជាចុងក្រោយឯកឧត្តមក៏បានសង្កត់ធ្ងន់ៗថា ទោះក្នុងតំលៃណាក៏ដោយត្រូវបង្រ្កាប និងទប់ស្កាត់អោយបាន មិនអនុញាត្តិអោយបុគ្គលណា ក្រុមណា បក្សណា ធ្វើបដិវត្តន៍នៅលើទឹកដីនៃព្រះរាណាចក្រកម្ពុជា បានឡើយ ។