រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក, ការលក់ឥណទានកាបូន មិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គល ឬក្រុមហ៊ុនឯកជនទេ តែបម្រើដល់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក ការលក់ឥណទានកាបូននៅកម្ពុជា គឺមិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គលណាម្នាក់ ឬក្រុមហ៊ុនឯកជនណាមួយនោះទេ ប៉ុន្តែ ថវិកាដែលទទួលបានពីការកាបូន បម្រើឱ្យផលប្រជាសហគមន៍ សម្រាប់ចំណាយទៅការងារជាច្រើននៅក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ការស្រាយចម្ងល់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១២ស្តីពី «ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទ ពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ» «Green Transition in Cambodia, Laos, and Vietnam: Insights from Korea’s Experience and Future Pathways» នៅសាលខេមរវិទូនៃរាជបណ្ឌិតសភាកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំសុំកន្លងមកមានការយល់ច្រឡំច្រើនពាក់ព័ន្ធនឹងគម្រោងកាបូនក្រេឌីដ (រេដបូក) គឺដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាសហគមន៍ ដើម្បីបម្រើផលប្រយោជន៍ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ មិនមែនដើម្បីបម្រើឱ្យផលប្រយោជន៍បុគ្គល ឬក្រុមហ៊ុនឯកជនយកចំណេញនោះទេ»

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រសិនបើគិតថាគម្រោងរេដបូក រៀបចំដើម្បីបម្រើឱ្យវិស័យឯកជនទាញយកផលចំណេញនោះ គឺជាការគិតខុសហើយ។ ចំណុចនេះ គឺខុសគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាស និងបរិស្ថាន។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទទូចស្នើសុំដល់អ្នកយល់ច្រឡំ និងមានការសង្ស័យចំពោះការអនុវត្តគម្រោងរេដបូក សូមមេត្តាតាមដាន និងពិនិត្យឱ្យបានច្បាស់លាស់ពីគោលការណ៍អនុវត្តគម្រោងរេដបូកនេះ ឱ្យបានម៉ត់ចត់ និងសូមកុំបន្តដាក់ការសង្ស័យទាំងគ្មានមូលដ្ឋានត្រឹមត្រូវឱ្យសោះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ចំពោះការគិតអវិជ្ជមានរបស់បុគ្គលម្នាក់ អាចមិនដូចការគិតដូចអ្នកប្រាជ្ញ ដែលបានរួមគ្នាតាក់តែងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នោះទេ។ ដូច្នេះ សូមកុំបន្តគិតរឿងវិជ្ជមានឱ្យសោះ ចំពោះការខិតខំប្រឹងប្រែងទប់ស្កាត់ការប្រែប្រួលបរិស្ថាន ដែលអ្នកជំនាញបានប្រឹងប្រែងធ្វើឡើងឱ្យសោះ ពួកគាត់ស្រឡាញ់ និងធ្វើយ៉ាងណាការពារបរិស្ថាន និងធ្វើយ៉ាងណា ដើម្បីឱ្យបរិស្ថានល្អ និងកុំឱ្យការប្រែប្រួលបរិស្ថាន ក្លាយជាបញ្ហាចោទដល់ពិភពលោករបស់យើង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា៖ «អ្នកអនុវត្តក៏អញ្ចឹងដែរ សូមកុំដើម្បីបុគ្គលនិយម អាត្មានិយម ភ្លេចនូវផលប្រយោជន៍រួម បរិស្ថាន យើងមិនអាចនិយាយថាខ្ញុំទេ យើងត្រូវនិយាយថាយើងទាំងអស់គ្នា»។ អញ្ចឹងទេផលប្រយោជន៍ដែលទទួលបានពីអង្គសហប្រជាប្រជាជាតិ និងថវិកាពីគម្រោងគាំទ្រ មូលនិធិផ្សេងៗទៀត គឺមិនមែនដើម្បីខ្ញុំនោះទេ គឺដើម្បីយើងទាំងអស់គ្នា»

គួរឱ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខគេក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក កម្ពុជាក៏នឹងទទួលបានថវិកា៤០លានដុល្លារ បន្ថែមសម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ ពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ផងដែរ។ កម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនេះ ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត បានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា។ ក្នុងនោះទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការ នៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រិតកាបូនត្រឹមឆ្នាំ២០៥០»

ការទទួលបានចំណាត់ថ្នាក់ល្អនេះ បានឆ្លុះបញ្ចាំងនូវគោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេបូកនៅកម្ពុជា។

សូមជម្រាបថា ការអនុវត្តគម្រោងរេដបូកនាពេលកន្លងមកត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការអន្តរជាតិពាក់ព័ន្ធ។ ជំហានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក។ ជាងនេះ ក្រសួងបាននិងកំពុងកសាងសមត្ថភាពខ្លួនឱ្យក្លាយទៅជា «ស្ថាប័នមានសម្បទា Accredited Entity» ដើម្បីទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។ សូមរម្លឹកថា កិច្ចសហការ World Bank ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោងគ្រប់គ្រងសំណល់រឹង នៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍៕