ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោជក តំណាងកម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍ រួមគ្នាក្នុងការរកដំណោះស្រាយបញ្ហាប្រឈមដើម្បីជំរុញការលើកកម្ពស់អាទិភាពជំនាញ និងផលិតភាពការងារនៅកម្ពុជា


ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី “អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា” នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ដែលរៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្ថាប័នពាក់ព័ន្ធ, តំណាងនិយោជក, តំណាងកម្មករនិយោជិត, អង្គការអន្តរជាតិខាងការងារ (ILO) ដៃគូអភិវឌ្ឍន៍ និងដៃគូសង្គមជាច្រើនទៀត។

សិក្ខាសាលានេះ ជាវេទិកាមួយផ្តល់ឱកាសសម្រាប់ការចូលរួមផ្តល់នូវមតិយោបល់ និងធាតុចូលក្នុងការកំណត់នូវបញ្ហាគម្លាតជំនាញ និងតម្រូវការអាទិភាពជំនាញក្នុងវិស័យនានា ដើម្បីជាធាតុចូលក្នុងការកសាង គោលនយោបាយ និងការវិនិយោគអភិវឌ្ឍន៍ជំនាញសម្រាប់អនាគត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋមន្ត្រី បានចាត់ទុកវេទិកានេះពិតជាមានសារ:សំខាន់ដើម្បីប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានចូលរួមឆ្លើយតបចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការជំរុញការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ននិងនាពេលអនាគត ដើម្បីរក្សាភាពប្រកួតប្រជែង និងការបន្តទាក់ទាញវិនិយោគ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យវិស័យឯកជនផ្តល់ឱកាសដល់សិស្ស និស្សិត ឬសិក្ខាកាម មានឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុននានា ដើម្បីពង្រឹងសមត្ថភាពជំនាញ ព្រោះការហ្វឹកហាត់ជំនាញរបស់សិស្ស និស្សិត គឺជាការសំលៀងជំនាញ និងការផ្តល់បទពិសោធបានយ៉ាងល្អទៅកាន់សិក្ខាកាមឱ្យផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ហើយបន្ថែមពីនេះ ក៏ជាឱកាសដែលវិស័យឯកជន អាចជ្រើសរើសយកសិក្ខាកាមដែលមានសមត្ថភាពខ្ពស់ បម្រើការងារឱ្យខ្លួនបានផងដែរ។

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានគូសបញ្ជាក់ថា តាមរយ:ធាតុចូលនៃវេទិកានេះ CAMFEBA នឹងខិតខំរៀបចំកសាងនូវយុទ្ធសាស្រ្តរយ:ពេលមធ្យម ២០២៥-២០៣០ សម្រាប់ជំរុញការអភិវឌ្ឍជំនាញឱ្យមានផលិតភាពពេញលេញ ដើម្បីធានាយកប្រៀបនៃការប្រកួតប្រជែង។

ជាមួយគ្នានេះ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO)នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រែក្លាយកម្លាំងពលកម្មពីអតិពលកម្មទៅជាកម្លាំងជំនាញ គឺជាកត្តាចាំបាច់ណាស់សម្រាប់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបន្ថែមក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕