(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល ដែលត្រូវជាម្ដាយបង្កើត ម្ដាយក្មេក ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលោកជំទាវ ជា ចាន់ឌី ដោយបានទទួលមរណភាពនៅថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយជរាពាធ។
ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង បានចាត់ទុកការបាត់បង់រូប ឧបាសិកាពុទ្ធសាសនូបត្ថម្ភ មាឃ ផល គឺជាការបាត់បង់ ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹម បីបាច់ថែរក្សា និងអប់រំណែនាំផ្តល់ដំបូន្មានធ្វើឱ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំ ដែលមានស្នាដៃ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតមរណភាពរបស់ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង តាងនាមឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលជាតិ ព្រមទាំងខ្លួនលោកផ្ទាល់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បាននាំយកបច្ច័យរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន២លានរៀល និងសាររំលែកទុក្ខប្រគល់ជូនក្រុមគ្រួសារសព និងបានចុះហត្ថលេខាលើសៀវភៅក្រាំងមាសទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសពឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល៕