នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងណែនាំឲ្យយកចិត្តទុកដាក់បម្រើពលរដ្ឋ


(ព្រះវិហារ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងទិសដៅបន្ត ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារខេត្ត ចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា និងតាមរយៈការចង្អុលបង្ហាញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុមការងារបានកសាងស្នាដៃ ខិតខំបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។

ឯកឧត្តមបានបន្ដថា ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់បានអនុវត្តខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច និងរបៀបរបបការងារស្របតាមសេចក្តីណែនាំលេខ០៤ សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅមូលដ្ឋាន ចុះពិនិត្យស្ថានភាពភូមិសាស្ត្រក្នុងខេត្ត និងតាមបណ្តោយព្រំដែន ចុះជួបប្រជាពលរដ្ឋ និងកងកម្លាំងឈរជើង នៅតាមបណ្តោយព្រំដែន និងនៅក្នុងមណ្ឌលសុវត្ថិភាពប្រជាជនភៀសសឹកទាំង១៥ទីតាំង ក្នុងភូមិសាស្ត្រខេត្ត ទន្ទឹមនឹងបណ្តាស្នាដៃសម្រេចបានខាងលើយើងក៏នៅមានភារកិច្ចមួយចំនួនទៀត ដែលត្រូវបំពេញបន្ថែមផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងអាជ្ញាធរខត្ត ក្រុង ស្រុក នៅទូទាំងខេត្តព្រះវិហារ ត្រូវបន្តអនុវត្តគោលនយោបាយអទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលឲ្យបានខ្ចាប់ខ្ជួន។ លើសពីនេះ ត្រូវយកចិត្តទុកដាក់ជួយប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាមពីសំណាក់កងទ័ពថៃឈ្លានពាន តាមរយៈការស្វែងរកការងារធ្វើ ឯកឧត្តមក៏បានណែនាំដល់មន្ទីរការងារខេត្ត ត្រូវយកចិត្តទុកដាក់សហការជាមួយក្រសួងការងារ ដើម្បីស្វែងរកប្រភពទីកន្លែងការងារ ឲ្យពលករដែលគ្មានការងារធ្វើ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ការកសាងខេត្តព្រះវិហារមួយ គឺយើងទាំងអស់គ្នាជាឆ្អឹងខ្នង សុខដុមរមណីយកម្មរបស់ប្រជាជនខេត្តព្រះវិហារ គឺនៅលើយើងទាំងអស់គ្នា ដោយមិនមានអ្នកណាមួយជាតួឯកនោះទេ ត្រូវរួមចិត្តរួមកាយធ្វើសម្រាប់ប្រជាជនខេត្តព្រះវិហារ ការលំបាករបស់ប្រជាជន គឺជាកង្វល់ គឺជាសមត្ថកិច្ចដែលយើងទាំងអស់គ្នាត្រូវតែដោះស្រាយ ដោយឯកឧត្តមណែនាំបន្ថែមដល់មន្ត្រីទាំងអស់ មិនត្រូវយកជំនាញរបស់ខ្លួនទៅធ្វើអាជីវកម្មនោះទេ។

កិច្ចប្រជុំនាឱកាសនេះ ក៏មានការប្រកាសតែងតាំងនឹងផ្លាស់ប្តូរភារកិច្ច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំនួន៣រួមមាន៖

ទី១៖ លោកឧត្តមសេនីត្រីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជ័យសែន
ទី២៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រុកឆែប, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ជាអនុប្រធានអចិន្ត្រៃយ៍
ទី៣៖ ឯកឧត្តម ឈ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្កមថ្មី៕