អភិបាលខេត្តកំពង់ចាម ជំរុញលើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស និទ្ទេសA និងសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៥ ស្ថិតក្នុងស្រុកកំពង់សៀម ប្រមាណជា ៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅសាលសន្និសិទ សាលាខេត្តកំពង់ចាម។

គួរបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ស្រុកកំពង់សៀម មានសិស្សនុសិស្ស បានប្រឡងជាប់ និទ្ទេសA ចំនួន៩ នាក់ ស្រី៦ នាក់។ ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញលើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ ដើម្បីមានឱកាសចូលបម្រើការងារ ជួយដល់គ្រួសារ និងសង្គមជាតិ។ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងសង្កត់ធ្ងន់ថា មានកត្តា៤ យ៉ាងដែលនាំឲ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិត ក្នុងនោះ ៖ *ទី១ ៖ គឺការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង។ *ទី២ ៖ លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនចែកចំណេះដឹងដល់ក្មួយៗ ។ *ទី៣ ៖ ការជំរុញពីអាណាព្យាបាល ។ *ទី៤ ៖ គឺកត្តាប្រទេសមានសុខសន្តិភាព។

នាឱកាសនោះផងដែរ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍លើកទឹកចិត្ត ឲ្យសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា នៅមហាវិទ្យាល័យបន្ថែមទៀត ជាពិសេសគឺសិស្សនារី ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចំពោះសិស្សនារី បើទោះជាប្រលងជាប់និទ្ទេស មួយណាក៏ដោយ ប្រសិនបើបញ្ចប់ត្រឹមនេះ នោះក្មួយៗមិនអាចក្លាយខ្លួនទៅជាវីរៈនារីបានទេ ដូច្នេះក្មួយៗ ត្រូវតែតាំងចិត្តខិតខំតស៊ូសិក្សាបន្ថែមទៀត ដោយមានការគាំទ្រពីអាណាព្យាបាល ។ ចំពោះលទ្ធភាពដែលត្រូវសិក្សាបន្តនោះ សូមក្មួយៗ ត្រូវពិនិត្យឡើងវិញ នូវវិទ្យាស្ថាន TVET ជាច្រើនដែលបានផ្ដល់អាហារូបករណ៍ តាមរូបភាពនៃការបញ្ចុះតម្លៃ ៥០ភាគរយ ឬ ៧០ភាគរយ ឬ ១០០ភាគរយ សម្រាប់ក្មួយៗដែលមាននិទ្ទេសផ្សេងៗ ។ ដូច្នេះសូមក្មួយៗកុំបារម្ភថា គ្មានលុយបង់ថ្លៃសិក្សា ប្រសិនបើក្មួយៗទៅសិក្សាតាមអាហារូបករផ្សេងៗ ហើយនៅសល់ប៉ុន្មាន លោករដ្ឋមន្ត្រី និងជួយទាំងអស់ សម្រាប់សិស្សក្នុងស្រុកកំពង់សៀមនេះ៕