(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សេង ទៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញនាំយកថវិកាចំនួន ៥០លានរៀល ដែលជាសទ្ធាដ៏ជ្រះថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង ដើម្បីចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធ ឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ៕