ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានជួប​ពិភាក្សាគ្នាក្នុងវេទិកាភ្នំពេញ លើកទី៤ ពីជម្រើសនយោបាយអាស៊ាន ក្នុងបរិបទពិភពលោកបច្ចុប្បន្ន


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ អ្នកជំនាញ អ្នករៀបចំនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិឈានមុខមកពីប្រទេសកម្ពុជា អាល្លឺម៉ង់ ឥណ្ឌា ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ បានមកជួបជុំគ្នាវេទិកាភ្នំពេញ លើកទី៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «ពហុភាគីនិយមទល់នឹងឯកភាគីនិយម៖ ស្វ័យភាពយុទ្ធសាស្ត្រ និងជម្រើសនយោបាយរបស់អាស៊ាន»។ វេទិកានេះត្រូវរៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។

អ្នកជំនាញទាំងនេះរួមមាន៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនង អន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោកសាស្រ្ដាចារ្យ បណ្ឌិត Robinder Nath Sachdev ប្រធានវិទ្យាស្ថាន អ៊ីមេយ៍ជិនឌៀ (Imagindia Institute), ឥណ្ឌា, លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ព្រមទាំងអ្នកជំនាញជាច្រើនរូបទៀត។

វេទិកាភ្នំពេញលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ពហុភាគីនិយមទល់នឹង ឯកភាគីនិយម៖ ស្វ័យភាពយុទ្ធសាស្ត្រ និងជម្រើសនយោបាយរបស់អាស៊ាន»។ វេទិកានេះផ្តល់នូវវេទិកាដ៏សំខាន់មួយដើម្បីពិនិត្យមើលជម្រើសនយោបាយរបស់អាស៊ាន ក្នុងពេលបច្ចុប្បន្នដែល ការប្រកួតប្រជែងរវាងប្រទេសអំណាចកំពុងកាន់តែតានតឹងខ្លាំង និងជវភាពសកលកំពុងផ្លាស់ប្តូរ។

ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Trump អាណត្តិទី២ វិធីសាស្ត្រឯកតោភាគីនិយមបានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការតំបន់តាមរយៈការដកខ្លួនចេញពីស្ថាប័នអន្តរជាតិ, វិធានការ ពាណិជ្ជកម្មគាំពារនិយម, និងការកាត់បន្ថយជំនួយអភិវឌ្ឍន៍។ រីឯចិន ដោយការលើកទឹកចិត្តពហុភាគីនិយមយ៉ាងសកម្មតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) កិច្ចសហប្រតិបត្តិការ BRICS និងក្របខណ្ឌតំបន់មួយចំនួនទៀត បានបង្កើតឱ្យមានឱកាសថ្មីៗ ប៉ុន្តែក៏បង្កើតឱ្យមានបញ្ហាប្រឈមជាយុទ្ធសាស្ត្រស្មុគស្មាញសម្រាប់អាស៊ានផងដែរ។

ក្នុងបរិបទនៃយុគសម័យរដ្ឋបាលរបស់លោកប្រធានាធិបតី Trump អាណត្តិទី២ តើប្រទេសនានានៅអាស៊ីអាគ្នេយ៍អាចថែរក្សាគោលការណ៍នៃមជ្ឈភាពអាស៊ានដោយរបៀបណាទន្ទឹមនឹងការគ្រប់គ្រងឥទ្ធិពលរបស់មហាអំណាចក្រៅតំបន់ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីការពារឯកភាព និងភាពធន់របស់អាស៊ាន? ការធានាថាជវភាពពីខាងក្រៅមិនបំផ្លាញភាពស្អិតរមួយរបស់តំបន់ ឬមិនបង្កអស្ថិរភាពមគ៌ាអភិវឌ្ឍន៍របស់តំបន់ នឹងដើរតួជាការសាកល្បងដ៏សំខាន់មួយចំពោះគតិបណ្ឌិតនយោបាយរួម និងទស្សនវិស័យជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំអាស៊ាន។

វេទិកានេះនឹងពិភាក្សាបញ្ហាទាំងនេះតាមរយៈកិច្ចពិភាក្សាពេញអង្គចំនួនបី។ ទីមួយគឺយុទ្ធសាស្ត្ររបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរនយោបាយរបស់សហរដ្ឋអាម៉េរិក និងជវភាពសន្តិសុខដែលកំពុងវិវត្តនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេស ការវិវត្តចុងក្រោយនៅសមុទ្រចិនខាងត្បូង។ ទីពីរនឹងផ្តោតលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងសមាហរណកម្មតំបន់ ក្នុងក្របខណ្ឌ BRI, BRICS, AIIB និងក្របខណ្ឌមេគង្គ-លានឆាង។ ទីបីនឹងពិនិត្យមើលការសម្របសម្រួលជាយុទ្ធសាស្ត្ររបស់អាស៊ាន ដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ និងហានិភ័យនៃការបង្កអស្ថិរនយោបាយ ជាពិសេស បញ្ហាបដិវត្តន៍ពណ៌។

យើងរំពឹងទុកថា វេទិកានេះនឹងបង្កើតបាននូវអនុសាសន៍គោលនយោបាយមួយចំនួន ដើម្បីពង្រឹងឯកភាព មជ្ឈភាព និងភាពធន់របស់អាស៊ានក្នុងកិច្ចការតំបន់។ វេទិកានេះក៏នឹងពង្រឹងបណ្តាញទំនាក់ទំនងក្នុងចំណោមអ្នកវិទ្យាសាស្ត្រនិងអ្នករៀបចំគោលនយោបាយដោយលើកកម្ពស់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍៕