ពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ប្រវែង ៦០ម៉ែត្រ ឆ្លង់កាត់ព្រែកតាស្អាង​ ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ


នាព្រឹកថ្ងៃពុធ​ ១រោច​ ខែអស្សុជ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស២៥៦៩​ ត្រូវនឹងថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ស្វាយរៀង​ បានញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ០១កន្លែង មានប្រវែង ៦០ម៉ែត្រ ឆ្លង់កាត់ព្រែកតាស្អាង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
មានប្រសាសន៍ស្វាគមន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងថា​ ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានកំណត់នូវគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយផ្លូវគឺជាអាទិភាពទី២ ក្នុងកិច្ចគាំទ្រ ដើម្បី បើកមុខ និងជំរុញការកែលម្អជីវភាពរបស់មនុស្ស ដែលជាអាទិភាពទី១ ។ ចំពោះផ្លូវនេះ គឺមិនមែនបានន័យថាសំដៅតែផ្លូវថ្នល់នោះទេ មានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងនោះ ផ្លូវគោកក៏រួមមានទាំង ស្ពាន នៅក្នុងនោះផងដែរ ដែលបច្ចុប្បន្ននេះ យើងពិតជាបានមើល ឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងមមាញឹកកសាងស្ពាន និងផ្លូវថ្នល់ថ្មីៗជាច្រើនបន្ថែម ទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗនៅទូទាំងប្រទេស និយាយជារួម ក៏ដូចជានៅក្នុងខេត្តស្វាយរៀងរបស់យើង និយាយដោយឡែក ឲ្យកាន់តែ ទូលំទូលាយ និងមានការតភ្ជាប់ប្រទាក់ក្រឡា ។
ឯកឧត្តមបន្ថែមថា​ ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ជូននូវសមិទ្ធផលដ៏មានសារៈប្រយោជន៍នេះសម្រាប់ មូលដ្ឋាន នៃភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាពេលនេះ​ និងក៏សូមឲ្យអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ សូមជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការ ដើម្បីឲ្យដំណើរការ នៃការសាងសង់ស្ពានរបស់យើងនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ល្អប្រសើរ ឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយគុណភាព ដើម្បីបម្រើឲ្យសេចក្តីត្រូវការ ចាំបាច់នៅក្នុងមូលដ្ឋានរបស់យើង ។​ ទន្ទឹមនេះ​ ក្រោយការសាងសង់រួចរាល់ជាស្ថាពរយើង នឹងទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងយ៉ាងធំធេងស្របតាមទំហំ និងតម្រូវការ នៃការប្រើប្រាស់បម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃ និងក៏ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញពីការអភិវឌ្ឍរីកចម្រើន នៃមូលដ្ឋានរបស់យើង ក្នុងសម័យកាលសុខសន្តិភាពរបស់ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។