សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចូលរួមបច្ច័យក្នុងសទ្ធាដ៏ជ្រះថ្លា ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទទួលបច្ច័យចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ដែលជាសទ្ធាដ៏ជ្រះថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាននាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា និងលោកជំទាវ ចំនួន៥លានរៀល ចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណាព្រះមហាក្សត្រ។

ជាមួយគ្នានេះ ឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បាននាំយកនូវបច្ច័យចំនួន ១០លានរៀលដែលជាសទ្ធាដ៏ជ្រះថ្លារបស់ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន កើត រិទ្ធ។

ក្នុងឱកាសនេះ ឯកឧត្តម សំ ប្រជាមានិត ក៏បំពេញសទ្ធារបស់ជ្រះថ្លាផងដែរ ដោយបាននាំនូវបច្ច័យផ្ទាល់ខ្លួនចំនួន ២លានរៀល យកមកប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ដើម្បីចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធឡើងនៅរសៀលថ្ងៃទី៨ នេះ និងថ្ងៃទី៩ ខែតុលា ស្អែកនេះ។

សូមជម្រាបថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឥស្សរជនជាតិជាច្រើនរូបទៀត តែងតែបានចូលរួមយ៉ាងខ្ជាប់ខ្ជួនក្នុងសទ្ធាដ៏ជ្រះថ្លាក្រៃលែងក្នុងព្រះរាជពិធីបុណ្យកឋិនទានព្រះរាជទ្រព្យព្រះករុណាព្រះមហាក្សត្រជារៀងរាល់ឆ្នាំ៕