ពិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ជូនប្រជាពលរដ្ឋចំនួន២.០០០គ្រួសារ នៅឃុំថ្នាធ្នង់ ស្រុករំដួល


នាព្រឹកថ្ងៃអាទិត្យ៥រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២០៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ជូនប្រជាពលរដ្ឋចំនួន ២.០០០គ្រួសារ នៅឃុំថ្នាធ្នង់ ស្រុករំដួល ដែលប្រារព្ធធ្វេីនៅវត្តព្រែកពក។

មានប្រសាសន៍សាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជាយើងបានរៀបចំពិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ យើងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដែលចង្ក្រានទាំងអស់នេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services និងសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ សសយក ខេត្ត និងសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជា ជាពិសេសក្រុមហ៊ុនគ័ងចូវ អាយស្សិត ដែលនេះ គឺជាការសរបញ្ជាក់ឲ្យឃើញពីការចូលរួមមិនអាចខ្វះបានពីក្រុមការងារយុវជន ក៏ដូចជាវិស័យឯកជន និងសង្គមស៊ីវិល
ក្នុងការរួមចំណែក គាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា។

ឯកឧត្តមបន្តថា បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់សមាគមបណ្តាញសង្គមស៊ីវិលកម្ពុជាគម្រោងប្រើប្រាស់ចង្ក្រានបង្កើនថាមពលព្រៃមាន់នេះ នឹងចូលរួមកាត់បន្ថយការបំពុល បរិស្ថាន ដោយការផលិត មានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយដល់ការប្រើប្រាស់ បរិមាណអុស និងការបំភាយកាបូនក្នុងកម្រិតមួយទាបចូលទៅក្នុងបរិយាកាសជាពិសេសនោះ គឺត្រូវបានផលិតឡើងដោយសិប្បកម្មក្នុងប្រទេស ដែលមានមូលដ្ឋាននៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានផ្តល់ឱកាសការងារសម្រាប់កម្មករជាអ្នកមានពិការភាពថែមទៀតផង ។

ឯកឧត្តមបានស្នើដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធត្រូវបន្តការចូលរួមថែរក្សា និងលើកកម្ពស់អនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់យើង ឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព។
– អាជ្ញាធរស្រុក ឃុំ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំបរិស្ថាន អនាម័យ និង សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាំងនៅក្នុងអង្គភាព និងក្រៅអង្គភាពរដ្ឋ ជាពិសេស នៅតាមដងផ្លូវ ទីប្រជុំ ឬទីផ្សារជាដើម ។
– ថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូប ស្អាត ផឹកស្អាត ដើម្បីចៀសឆ្ងាយពីជំងឺឆ្លងនានា ហើយត្រូវជួយអប់រំកូនចៅឲ្យចូលរួម គោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ព្រមទាំងណែនាំកូនចៅបងប្អូនឲ្យចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខផ្សេងៗ ដូចជា ល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពក្មេងទំនើងជាដើម ។ ជាមួយគ្នានេះសូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង ឲ្យធ្វើការដាំដុះដំណាំ ឬបន្លែ បង្ការផ្សេងៗនៅបរិវេណដីទំនេរនៅជុំវិញផ្ទះ ឬការចិញ្ចឹមសត្វជាដើម ដើម្បីបង្កើនជីវភាព គ្រួសារ ហើយសូមឲ្យរដ្ឋបាលស្រុកដែលមានការិយាល័យជំនាញជាសេនាធិការជួយគាំទ្រលើផ្នែកបច្ចេកទេសដល់បងប្អូនយើងក្នុងកិច្ចការនេះ៕