ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនជិត ៥០០នាក់ នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារមូលស្រុកកំពង់ស្វាយ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនដែលមកពីគណបក្សឆន្ទ:ខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វុនស៊ិនប៉ិច ចំនួន ៤៦៩នាក់ ក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកពូ អ្នកមីង និងក្មួយៗទាំងអស់ ដែលបានមកចូលរួមជីវភាពនយោបាយជាមួយថ្នាក់បក្សប្រជាជនកម្ពុជា។

លោកជំទាវ បានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាជាមួយគត់ដែលបានកសាងនៅសន្តិភាពនយោបាយកំណើនសេដ្ឋកិច្ច និងការរួមរស់ជាមួយគ្នាក្រោមដំបូលសន្តិភាពដែលមានសម្ដេចតេជោជាប្រមុខ និងជាថ្នាក់ដឹកនាំដ៏កំពូលរបស់ប្រទេសជាតិ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានរស់នៅក្រោមម្លប់សន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត ហើយយើងត្រូវរួមគ្នាការពារនៅសុខសន្តិភាពមួយនេះ ឱ្យបានជាដាច់ខាតព្រោះមិនមានគណបក្សណាមួយដែលអាចធ្វើបានដូចគណបក្សប្រជាជនទេ។

លោកជំទាវ បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលបានបង្កើតថ្នាក់ដឹកនាំដោយខ្លួនឯង និងបានជ្រើសរើសថ្នាក់ដឹកនាំដ៏ត្រឹមត្រូវក្នុងការដឹកនាំប្រទេសដូចនេះហើយ គណបក្សប្រជាជនកម្ពុជាបានជ្រើសរើសសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយក៏បានជ្រើសរើសនៅយុវជនបន្តវេន នោះគឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលទទួលបាននូវការសិក្សាថ្នាក់បណ្ឌិតយោធា និងបណ្ឌិតសេដ្ឋកិច្ច ដើម្បីដឹកនាំមាគ៌ាសន្តិភាព និងថែរក្សានៅសុខសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិបន្តទៅមុខទៀត។

បន្ថែមលើសនេះ លោកជំទាវបានលើកឡើងអំពីការចូលរួមរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនេះសបញ្ជាក់ឲ្យឃើញអំពីការស្រឡាញ់ពេញចិត្ត ពីសំណាក់ក្រុមយុវជនទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់មានសមត្ថភាពក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍតទៅមុខជាលំដាប់។

លោកជំទាវ ឃួន ឃុនឌី ក៏បានស្នើដល់យុវជនក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រព្រឹត្តិតែអំពើល្អ ចូលរួមធ្វើការងារសង្គម ការងារមនុស្សធម៌និងសម្អាតអនាម័យតាមទីសាធារណៈនិងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕