(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ព្រមទាំងសភាពការណ៍សន្តិសុខនានា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
កិច្ចប្រជុំនេះ បានការចូលរួមពី លោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើង ក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប់ជាប្រចាំ។ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នូវរាល់ករណីបទល្មើសនានា ដោយប្រើប្រាស់នូវកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប តាមគោលដៅសំខាន់ៗ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីស្ថានភាព នៃការអភិវឌ្ឍនៅក្នុងខេត្តនាពេលបច្ចុប្បន្ន កំពុងរីកចម្រើនលើគ្រប់វិស័យ ដែលទាំងនេះ គឺអាស្រ័យដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្ត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគិតគូខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សារភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ភូមិ ឃុំ ស្រុក ខេត្ត នៅទូទាំងប្រទេស។ ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្តបន្ត រួមមាន៖ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ក្រុមការងារគប្បីយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋឱ្យបានល្អ បញ្ជ្រាបគោលនយោបាយ និងការអភិវឌ្ឍមូលដ្ឋាន, រដ្ឋបាលស្រុក ក្រុងឃុំ សង្កាត់ ត្រូវក្តាប់សភាពការណ៍ក្នុងដែនសមត្ថកិច្ចអំពីបញ្ហាជីវភាពសុខុមាលភាពឱ្យបានគ្រប់ជ្រុងជ្រោយ, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ បន្តទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ, ត្រូវពង្រឹងការផ្តល់សេវាសាធារណៈ និងបំពេញតម្រូវការជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា, ជម្រុញផ្សព្វជូនប្រជាពលរដ្ឋ ឱ្យចូលរួមសម្អាតអនាម័យបរិស្ថាន ឱ្យបានជាប់ជាប្រចាំ ពោលគឺគ្រប់លំនៅឋាន ទីសាធារណៈ ត្រូវគ្មានសំរាម, ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ប្រកបដោយការជឿទុកចិត្ត, ត្រូវឆ្លើយតបការបកស្រាយនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព និងទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃខុសច្បាប់ ឱ្យបានដូចភ្លៀងរលឹម៕