(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC) ដឹកនាំដោយ លោក Zhang Yang អ្នកគ្រប់គ្រងទូទៅរបស់ CRDC ប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ និងលទ្ធផលនៃការស្រាវជ្រាវផែនការបណ្តាញផ្លូវដែកនៅកម្ពុជា ដែលធ្វើឡើងដោយក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC)។ ការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា គឺជាចក្ខុវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕