ឯកឧត្តម ខៀវ​ កាញារីទ្ធ​ និងអភិបាលខេត្តកែប ប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរដល់លោក​ KLEIN NORBERT HAN ជនជាតិ​អាល្លឺម៉ង់


(កែប)៖​ ឯកឧត្តម ខៀវ​ កាញារីទ្ធ​ ឧត្ដមប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ​ និង​ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​កែប​ បានប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរដល់លោក​ ក្លែន ន័បឺត ហាន់ (KLEIN NORBERT HAN) ជនជាតិ​អអាល្លឺម៉ង់ កើតនៅថ្ងៃទី៣​ ខែមេសា​ ឆ្នាំ​១៩៣៤​ ទីក្រុង​ NOVIVRBAS សាធារណរដ្ឋ​ស៊ែបី​។

ពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ​ខាងលើ បានធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកែប ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប។

លោក​ KLEIN NORBERT HAN ត្រូវ​បាន​ព្រះករុណា ​ព្រះបាទ ​សម្ដេច ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រាស់បង្គាប់​ ផ្ដល់សញ្ជាតិ​ខ្មែរ​ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី ​នៃកម្ពុជា​ បន្ទាប់​ពីរូបលោក​បានកសាងស្នាដៃជាច្រើនជួយរាជរដ្ឋាភិបាលកម្ពុជា​ និងសង្គមជាតិកម្ពុជា​អស់​ជា​ច្រើន​ឆ្នាំកន្លងមកនេះ។

សូមរំលឹកថា លោក​ ក្លែន ន័បឺត ហាន់ បច្ចុប្បន្នកំពុងរស់នៅភូមិអន្ទង់ស​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ ខេត្តកែប​ និងជាម្ចាស់ចំការម្រេចកំពត ​(GI) មួយកន្លែង​ផងដែរ៕