ឆ្លងកាត់កិច្ចពិភាក្សារយៈពេល ៣ថ្ងៃមកនេះ សន្និសីទលើទី១០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា (COP10) សម្រេចបានលទ្ធផលសំខាន់ៗចំនួន៦


ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ) អមដោយប្រតិភូកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបិទបញ្ចប់ សន្និសីទលើកទី១០ (COP10) និងខួបលើកទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា ដែលនៅក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយនេះ អង្គសន្និសីទ តំណាងរដ្ឋភាគីទាំងអស់ បានពិនិត្យ និងអនុម័តលើការព្រាងសេចក្តីសម្រេច (DRAFT RESOLUTIONS) ផ្អែកលើរបាយការណ៍លទ្ធផល ដែលទទួលបានពីកិច្ចពិភាក្សារយៈពេល ៣ថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅ UNESCO Headquarters ទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីសំណាក់រដ្ឋភាគីមកពី អឺរ៉ុប និងអាស៊ី ចំនួន ១៥០ប្រទេស និងអ្នកពាក់ព័ន្ធចូលរួមសរុបប្រមាណ ៥០០នាក់ ដែលក្នុងនោះរួមមានសមាសភាព រដ្ឋមន្ត្រីរដ្ឋភាគី អង្គការជាតិ និងអន្តរជាតិ អ្នកសង្កេតការណ៍ អ្នកជំនាញ និងភាគីពាក់ព័ន្ធសំខាន់ៗមកពីចលនាកីឡាទូទាំងពិភពលោក។

តាមប្រភពព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឆ្លងកាត់កិច្ចពិភាក្សារយៈពេល ៣ថ្ងៃមកនេះ សន្និសីទលើទី១០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា (COP10) សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖

(១) ការបន្តភាពជាដៃគូជាមួយទីភ្នាក់ងារតេស្តអន្តរជាតិ (International Testing Agency – ITA)៖ UNESCO និង ITA បានបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញសុចរិតភាពកីឡាតាមរយៈការអប់រំ និងពង្រឹងកិច្ចសហប្រតិបត្តិការជាសកល។

(២) ការអនុម័តលើគោលការណ៍ណែនាំថ្មីសម្រាប់សុចរិតភាពកីឡាដែលបានកែសម្រួល៖ គោលការណ៍ណែនាំថ្មីទាំងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមប្រឹក្សាអឺរ៉ុប ហើយនឹងដោះស្រាយបញ្ហាមួយចំនួនដែលប៉ះពាល់ដល់សុចរិតភាពកីឡា ដូចជា ការយាយី ការរំលោភបំពាន អំពើពុករលួយ និងការកំណត់លទ្ធផលមុនការប្រកួត (match-fixing)។

(៣) ទិសដៅអនាគតសម្រាប់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងសារធាតុហាមឃាត់ជាសកល៖ សន្និសីទបានកំណត់ផែនទីបង្ហាញផ្លូវសម្រាប់អនាគតនៃអភិបាលកិច្ចសុចរិតភាពកីឡា ដោយផ្តោតលើការបង្កើនផលជះ និរន្តរភាព អភិបាលកិច្ច និងប្រសិទ្ធភាពនៃអនុសញ្ញា។

(៤) ការបន្តកំណែទម្រង់យន្តការផ្តល់មូលនិធិ៖ សន្និសីទបានពិភាក្សាកម្រិតខ្ពស់លើការពង្រឹងយន្តការផ្តល់មូលនិធិនៃអនុសញ្ញា បញ្ជាក់ពីតួនាទីនៅក្នុងប្រព័ន្ធអេកូឡូស៊ីសុចរិតភាពកីឡាសកល និងការបង្កើតយន្តការដោះស្រាយវិវាទ។

(៥) ការបោះឆ្នោតជ្រើសរើសប្រធានថ្មី៖ លោក Farid Gayibov រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេស អាស៊ែបៃហ្សង់ (Azerbaijan) ត្រូវបានជ្រើសរើសជាប្រធាន COP10។

(៦) ការពិនិត្យឡើងវិញលើការកែសម្រួល WADA Code នាពេលខាងមុខ៖ ជាផ្នែកមួយនៃការតម្រឹមបទប្បញ្ញត្តិជាតិជាមួយនឹងស្តង់ដាអន្តរជាតិ ទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាពិភពលោក (WADA) បានផ្តល់ការពិនិត្យឡើងវិញលើការកែសម្រួលលក្ខន្តិកៈនាពេលខាងមុខ និងការធ្វើបច្ចុប្បន្នភាពកូដប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាអន្តរជាតិ។

សូមបញ្ជាក់ថា សន្និសីទ (COP) នៃអនុសញ្ញាអន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា របស់អង្គការយូណេស្កូ និងទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ពិភពលោក (WADA) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបំពេញគ្នាទៅវិញទៅមកក្នុងប្រព័ន្ធអេកូឡូស៊ីប្រឆាំងសារធាតុហាមឃាត់ជាសកលក្នុងវិស័យកីឡា។ WADA គឺជាយន្តការប្រតិបត្តិដែលបង្កើត និងធ្វើបច្ចុប្បន្នភាពច្បាប់សម្រាប់ប្រព័ន្ធប្រឆាំងសារធាតុហាមឃាត់។ ចំណែកឯ អនុសញ្ញារបស់អង្គការយូណេស្កូគឺជាឧបករណ៍ផ្លូវច្បាប់ ដែលធានាថារដ្ឋាភិបាលរដ្ឋភាគីនានាមានកាតព្វកិច្ច និងចាត់វិធានការដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ ដូចជាការអនុម័តច្បាប់ជាតិ ការផ្តល់មូលនិធិដល់អង្គការប្រឆាំងសារធាតុហាមឃាត់ជាតិ (NADOs) និងការលុបបំបាត់ការចែកចាយសារធាតុហាមឃាត់ជាដើម។ ស្ថាប័នទាំងពីរចែករំលែកបេសកកម្មរួមគ្នាក្នុងការការពារអត្តពលិកស្អាតស្អំ និងលើកកម្ពស់សុចរិតភាពកីឡា៕